ព័ត៌មានជាតិ

ប្រជានេសាទដាក់មងជាប់ត្រី គល់រាំង ដ៏កម្រ ទម្ងន់ជាង១៣០គីឡូក្រាម

ពោធិ៍សាត់: ប្រភេទត្រីញី មេពូជដ៏ធំមួយក្បាលទៀត ទម្ងន់ប្រហែល១៣០គីឡូក្រាម មានដោយកម្រ ត្រូវបានលែងចូលក្នុងបឹងទន្លេសាបវិញ ក្រោយពីប្រជានេសាទរាយមងបានជាលើកទី២។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៥២នាទីរសៀល ថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិសាស្ត្រផ្ទៃបឹងទន្លេសាប ស្ថិតក្នុងចំហៀងខាងកើត ភូមិកំពង់ឃ្នាស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកស្វាយ សំអាត នាយផ្នែកជលផលក្រគរ ដែលទើបឡើងថ្មី បានឲ្យដឹងថា មានប្រជានេសាទម្នាក់ឈ្មោះ ផាន់ ប្រុសពេជ្រ រស់នៅភូមិទី៣ ឃុំកំពង់លួង បានទៅរាយមងក្រឡាមួយតឹក ត្រង់ចំណុចកើតហេតុខាងលើ ហើយក៏មានត្រីមួយក្បាលយ៉ាងធំ បានហែលរុំជាប់មង នៅម៉ោងជាង១២ថ្ងៃ ខាងលើ រួចក៏បានរាយការណ៍ជូនផ្នែកជំនាញជលផលឲ្យដឹងដើម្បីយកទៅលែងវិញ។

លោកបន្តថា ខណ:នោះផ្នែកជលផល និងសង្កាត់ក៏បានចុះទៅផ្ទាល់ភ្លាមៗ ជាមួយក្រុមសហគមន៍នេសាទ ហើយបានឃើញត្រីនោះនៅជាប់រុំមង។ ពេលនោះ ក៏នាំគ្នាដោះដាក់លើទូកភ្លាមៗ ហើយត្រីដ៏ធំនេះជាត្រីប្រភេទញី គឺត្រីគល់រាំង ត្រូវបានប្រលែង ចូលតំបន់អភិរក្សវិញភ្លាមៗផងដែរ។

លោកស្វាយ សំអាត បានបន្ថែមថា លោកសូមអគុណដល់បងប្អូនប្រជានេសាទទាំងអស់ ដែលយល់ដឹងច្បាស់លាស់ពីការណែនាំរបស់មន្ត្រីជំនាញជលផលកន្លងមក ពីការថែរក្សាសម្បត្តិធម្មជាតិលើបឹងទន្លេសាបឲ្យសម្បូរឡើងវិញ ហើយនេះ ក៏ជាលើកទី២ដែរ ដែលនេសាទបានត្រីដ៏ធំមានដោយកម្រក្នុងបឹងទន្លេសាបនេះ ដោយលើកទីមួយប្រមាណជាងមួយខែមុននេះ គឺនេសាទបានត្រីគល់រាំងនេះជាង១០០គីឡូក្រាម ប្រភេទត្រីមេពូជឈ្មោល ហើយលើកទី២ នេះបានប្រភេទញី ដែលមានទម្ងន់រហូតដល់ប្រមាណជាង១៣០គីឡូក្រាម៕

photo_2016-11-01_20-07-33

photo_2016-11-01_20-07-38

photo_2016-11-01_20-07-43

photo_2016-11-01_20-07-47

មតិយោបល់