ព័ត៌មានជាតិ

កងទ័ពជើងទឹកម្នាក់ ដើរឆ្លងផ្លូវ ត្រូវម៉ូតូបុកពេញទំហឹង បណ្ដាលឲ្យស្លាប់ និងពីរនាក់ទៀតរងរបួស

ភ្នំពេញ: បុរសជាកងទ័ពជើងទឹកម្នាក់ បានស្លាប់បាត់បង់ជីវិត
បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ ដោយសារដើរឆ្លងផ្លូវ មិនប្រយ័ត្នត្រូវបានម៉ូតូបុកពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង១២ និង១០នាទីយប់ រំលងអធ្រាត្រ
ឈានចូលថ្ងៃសុក្រទី១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចជាប់របងកំពង់ផែភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហែម នៅ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកងទ័ពជើងទឹក អគ្គបញ្ជាដ្ឋាន ឋានន្តរសក្តិ វរនាវីទោ សក្ត័៤កន្លះសព្វថ្ងៃរស់ នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសជាជនរងគ្រោះខាងលើ បានដើរឆ្លងផ្លូវ តាមបណ្តោយផ្លូវលេខ៨៤ (វិថីនារីក្លាហាន) ទិសដៅពីលិចទៅកើត ខណ:កំពុងតែដើរឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកភូរស្រា ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ ភ្នំពេញ1CT.9933 បើកដោយបុរសម្នាក់យ៉ាងលឿន តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង បុកពេញទំហឹង បណ្តាលឲ្យអ្នកដើរ និងអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាលបីនាក់។

ភ្លាមៗក៏មានរថយន្តសង្រ្គោះ មកដឹកយកទៅមន្ទីរពេទ្យ បានពាក់កណ្តាលផ្លូវ ជាអកុសល់អ្នកដើរថ្មើរជើង បានដាច់ខ្យល់ស្លាប់បាត់ទៅ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានមកដល់រួចក៏ទាក់ទងជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងយកម៉ូតូ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលជើងគោក ចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់