ព័ត៌មានជាតិ

សន្តិសុខជាន់ខ្ពស់ក្រុមហ៊ុនលីប្រាម្នាក់ ត្រូវរថយន្តលុចស៊ីសបុកស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ: យុវជនម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្តលុចស៊ីសមួយគ្រឿង មិនចាំស្លាកលេខ បានបុកម៉ូតូឌ្រីមពីក្រោយអូសម៉ូតូប្រមាណ ១០០ម៉ែត្រ ហើយរថយន្តបើកគេចបាត់ស្រមោល។

ហេតុការណ៏ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង១ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្ស ត្រង់ចំណុចជិតវត្តកោះ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

សពរងគ្រោះឈ្មោះ ជិន ស៊ីណែត ភេទប្រុស អាយុជាង ២០ មុខរបសន្តិសុខជាន់ខ្ពស់ក្រុមហ៊ុនលីប្រា។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តលុចស៊ីស ពណ៌ស មិនចាំស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង បោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ បានទៅបុកម៉ូតូឌ្រីមសង់០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FL 5191 ជិះដោយយុវជនពីរនាក់ កំពុងបើកស្របគ្នាពីក្រោយពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ហើយរថយន្តបង្ក មិនព្រមឈប់ទទួលនោះទេ ព្យាយាមបើករត់អូសម៉ូតូប្រមាណជាងមួយរយម៉ែត្រ ទើបម៉ូតូរបូតចេញរថយន្តបានគេចចេញពីកន្លែងបាត់ស្រមោល។
ភ្លាមៗនោះ ជនរងរបួសធ្ងន់ ត្រូវរថយន្តសាម៉ុយឯកជន ដឹកយកទៅសង្គ្រោះផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌដូនពេញ រង់ចាំដោះស្រាយតាមផ្លវច្បាប់។ ចំណែកសពរងគ្រោះ សមត្ថកិច្ចទាក់ទងក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់