ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើន ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកោះកុង ធ្វើការដកហូត

កោះកុង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តកោះកុង ដោយមានការសហការពីមន្ត្រីមន្ទីពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណ:កម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅក្នុងផ្សារដងទង់ ស្ថិតនៅសង្កាត់ដងទង់ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។ ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ មួយចំនួន រួមមាន៖ ប័រកំប៉ុង ចំនួន ២កំប៉ុង, ទឹកដោះគោ ក្រដាស ចំនួន ៤០ ប្រអប់, នំប្រៃ ចំនួន ៣ ប្រអប់ និងដំណាប់ម្នាស់ ចំនួន ៤ ប្រអប់ សរុបចំនួន ៤៧ ប្រអប់ និង២ កំប៉ុង។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់