ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបុកចូលរថយន្តនៅផ្លូវជាតិលេខ៤ បណ្ដាលឲ្យស្លាប់មួយរំពេច

ព្រះសីហនុ: នៅវេលាម៉ោង ៧ និង០៥ នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០២-២០៣ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត។

ម៉ូតូ ០១គ្រឿង ម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១H-៧៥១២ ធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ កែវ ទៀប ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ លុះមកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ចូលទៅបុករថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ ៣A-០៨០៤ ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ស្រមោល)។

ករណីគ្រោះថ្នាក់ខាងលើនេះ បណ្ដាលឲ្យឈ្មោះ កែវ ទៀប អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្នសាកសព កំពុងស្រាវជ្រាវរកក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរឧកញ៉ាហេង៕

មតិយោបល់