ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចទូរស័ព្ទ

បន្ទាយមានជ័យ: ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៣០នាទី នៅចំណុចហាងលក់តុ-ទូរ ស្ថិតនៅភូមិសាមគី្គមានជ័យ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួចទូរស័ព្ទ និងឃាត់ខ្លួនជនសង្ស័យម្នាក់។ បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហួយ សុខជួយ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាងធ្វើតុ-ទូរ មានទីលំនៅភូមិសាមគី្គមានជ័យ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា៖ នៅថ្ងៃកើតហេតុ មានជនម្នាក់បានមកកុម្មង់ទិញគ្រឿងសង្ហារឹម តុ-ទូរ នៅផ្ទះរបស់ខ្លួន ពេលដែលកំពុងតែរវល់ធ្វើការងារ ស្រាប់តែជនម្នាក់នោះ បានឆក់យកទូរស័ព្ទម៉ាក Iphone 7Plus ដែលសាកទុក ហើយរត់គេចបាត់ ខ្លួនក៏បានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញបានធ្វើការស៊ើបសួរ រហូតកំណត់បានមុខសញ្ញាជនសង្ស័យ ហើយកោះហៅជនសង្ស័យមកសាកសួរ។ ក្រោយពីធ្វើការសាកសួរ កំណត់មុខសញ្ញាជនសង្ស័យបានយ៉ាងជាក់លាក់ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួនម្នាក់ឈ្មោះ ទេព ឡាង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានបន្លំចូលលួចយកទូរស័ព្ទនៅផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះឃើញថា មានតម្រុយពិរុទ្ធភាព នៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ លួច(ទូរស័ព្ទ) បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់