ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន អំពីជំងឺប៉េស្តជ្រូកអាហ្វ្រិក

នាពេលថ្មីកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសស្តីពីការកំណត់តំបន់ផ្ទុះ ជំងឺប៉េស្តជ្រូកអាហ្វ្រិក មួយចំនួន ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជម្ងឺនេះទៅកាន់តំបន់ផ្សេងៗទៀត។
ការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ ពីក្នុង តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកត្រូវបានផ្អាកជាបណ្តោះអាសន្ន។
ក្រោយពីបានអនុវត្តនូវប្រកាសនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលព័ត៌មានពីប្រជាកសិករចិញ្ចឹមជ្រូកមួយចំនួន មានការព្រួយបារម្ភអំពីវិធានការទប់ស្កាត់ចរាចរ ទិញ លក់សត្វជ្រូកនៅក្នុងតំបន់នោះ ដែលធ្វើឱ្យជ្រូករបស់គាត់មិនអាចធ្វើការទិញ លក់បាន និងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ក្រសួងសូមចូលរួមសោកស្តាយចំពោះការខាតបង់ដ៏ធ្ងន់ធ្ងរ ពីផលប៉ះពាល់នៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។
ក្នុងគោលបំណងដោះស្រាយបញ្ហាខាងលើនេះ ក្រសួង នឹងចាត់បញ្ជូនមន្ត្រីជំនាញបសុព្យាបាលរួមទាំងឧបករណ៍សម្រាប់វិភាគ ជាបន្ទាន់ចុះពិនិត្យដល់ទីកន្លែង និងយកសំណាកឈាមសត្វជ្រូកធ្វើការវិភាគនៅនឹងកន្លែងតំបន់ផ្ទុកជម្ងឺតែម្តង ដើម្បីរកមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ក្នុងករណី លទ្ធផលនៃការវិភាគសំណាកឈាម មិនមានវត្តមានជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ ក្រសួងនឹងអនុញ្ញាតឱ្យធ្វើការលក់សត្វជ្រូកចេញពីតំបន់នោះ ដើម្បីផ្តល់លទ្ធភាពជូនប្រជាជនយើងអាចទទួលបានប្រាក់ចំណូល ក្នុងការទូទាត់ចំណាយដែលបានខិតខំចិញ្ចឹមកន្លងមក ។
ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់ប្រជាកសិករចិញ្ចឹមជ្រូកមេត្តារក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ យោគយល់ និងផ្តល់ការសហការឲ្យបានល្អប្រសើរដល់មន្ត្រីជំនាញបសុព្យាបាលនៃក្រសួង ក្នុងការចុះបំពេញភារកិច្ចនេះឲ្យទទួលបានលទ្ធផលល្អប្រសើរ៕

 

មតិយោបល់