ព័ត៌មានជាតិ

រថយន្តបែនបោះពួយលឿនជ្រុលទៅបុកកន្ទុយកុងទីន័រ រយ៉ះដាច់ខ្ទេចកាប៊ីនរថយន្តបែន

ភ្នំពេញៈ រថយន្តពណ៌ត្រេអ៊ី សណ្តោងទ្រុងបែនមួយគ្រឿងបើកបោះពួយ ប្រញ៉ាប់ទៅដឹកថ្ម បែរជាមិនដល់ដូចបំណង ជ្រុលទៅបុកកន្ទុយរថយន្តកុងទីន័រ រយះដាច់ខ្ទេចខ្ទីកាប៊ីនរថយន្តបែន សំណាងល្អ មិនរងរបួសដល់មនុស្ស កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ កែមហាវិថីឈ្នះ ឈ្នះ ចំណុចភ្លើងស្តុប ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ ភាគីខាងរថយន្តកុងទីន័រ ម៉ាក MITSUBISHI ពណ៌ខៀវ ក្បាលពាក់ស្លាកលេខ ភ្នំពេញ 3B-0160 សណ្តោងកន្ទុយខាងក្រោយ ពាក់ស្លាកលេខ ព្រះសីហនុ 4A-0062 ជិះគ្នា២នាក់ បើកតាមមហាវិថីឈ្នះ ឈ្នះ ពីជើងទៅត្បូង ភ្លើងស្តុបពណ៌ខៀវ បានបត់ឡើងលើផ្លូវជាតិលេខ៤ ឆ្ពោះទៅលិច ស្របពេលនោះស្រាប់តែ រថយន្តម៉ាកនីសាន់ សណ្តោងទ្រុងបែន ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 3-8631 ជិះគ្នា២នាក់ បើកល្បឿនលឿន បណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិច ជ្រុលទៅបុក កន្ទុយកុងទីន័រពីក្រោយ បណ្តាលឲ្យ កាប៊ីនរថយន្តបែន រយះ ដាច់ ខ្ទេចខ្ទី ស្ទើរតែទាំងស្រុង ជាសំណាងល្អ មិនបង្ករបួសដល់មនុស្ស ។

ក្រោយកើតហេតុភាគីទាំងសងខាង និយាយយកត្រូវរៀងខ្លួន ភាគីខាងកុងទីន័រ ថាខ្លួនបើកបត់តាមសញ្ញាភ្លើងស្តុបខៀវ រីឯភាគីរថយន្តបែនថា ខ្លួនបើកផ្លូវតាមភ្លើងសញ្ញាស្តុបខៀវដែរ ។ ជាលទ្ធផល រថយន្តទាំង២គ្រឿងត្រូវបាននគរបាលប្រចាំគោលដៅ នគរបាលប៉ុស្តិ៍ នាំដាក់ខាងរួចប្រគល់ជូនទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីយកទៅរក្សាទុក រងចាំរកខុសត្រូវដោះស្រាយជាក្រោយ ៕

មតិយោបល់