ព័ត៌មានជាតិ

ឃាត់ខ្លួនបាន២នាក់រួមទាំងវត្ថុតាង

កណ្តាល: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនសមត្ថកិច្ចឃាត់ខ្លួន២នាក់កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក
ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច រោងដេកឈ្មោះ ស៊ិន សម្ផស្ស ស្ថិតក្នុងភូមិ ចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យចំនួន០២នាក់នោះទី១ ឈ្មោះ ស៊ិន សម្ផស្ស ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយ:ពេល០១ឆ្នាំ ពីបទ អំពើ លួច(ម៉ូតូ) កាលពីឆ្នាំ២០១៨ ។
ទី២ ឈ្មោះ ភិន យ៉ន ហៅ កា ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ (ត្រូវជាសង្សារនឹងគ្នា)
វត្ថុតាងចាប់យករួមមាន-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៣កញ្ចប់តូច និងឧបករណ៍សម្ភារ:វេចខ្ចប់ប្រើប្រាស់មួយចំនួន ។
សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ ស៊ិន សម្ផស្ស និងឈ្មោះ ភិន យ៉ន ហៅ កា បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៣កញ្ចប់តូច រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ស៊ិន សម្ផស្ស បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ពីបុរសម្នាក់មិនស្គាល់ឈ្មោះ ចំនួន ០១កញ្ចប់ធំ តម្លៃ ១០០,០០០៛ ដើម្បីយកមកវេចខ្ចប់លក់បន្តក្នុង០១កញ្ចប់តូច តម្លៃ ២០,០០០៛ ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕

មតិយោបល់