សៀមរាបៈ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឃាត់ខ្លួនជនបរទេសម្នាក់ នាវេលាម៉ោង ២១និង០០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ពីបទឆបោកចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសរូបនេះ មានឈ្មោះ OKKAR KYWE ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ភូមា មុខរបរ អ្នកចាត់ការទូទៅក្រុមហ៊ុនទេសចរណ៍ Adventure Cambodia ស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យបានចេញមូលប្បទានប័ត្រធនាគារ កាថេ យូណៃធីត ចំនួន ០១សន្លឹក មានទឹកប្រាក់ ១,៥០០$ ឲ្យទៅសណ្ឋាគាររ៉ូយ៉ាល់អង្គររីសត ដើម្បីទូទាត់ប្រាក់ដែលខ្លួននៅជំពាក់សណ្ឋាគារថ្លៃបន្ទប់ ប៉ុន្តែពេលដែលសណ្ឋាគារយកមូលប្បទានប័ត្រនោះ ទៅធនាគារដើម្បីបើកប្រាក់ ខាងធនាគារបានបញ្ជាក់ថា មូលប្បទានប័ត្រនេះ ពុំមានសាច់ប្រាក់ទេ បន្ទាប់មកទៀតជនសង្ស័យបានព្យាយាមពន្យាពេល មិនព្រមដោះស្រាយជាមួយខាងសណ្ឋាគាររហូត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់