ស្វាយរៀងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ លោក ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ លោក ភោគ វណ្ណថន មេឃុំក្រោលគោ ព្រមទាំងមន្រ្តីអន្តរាគមន៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ស្រុកជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកជាលក្ខណ:គ្រួសារ នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបពីផលវិបាក នៃជំងឺប៉េស្តជ្រូកអាហ្វិ្រក និងចូលរួមទប់ស្កាត់តាមមាត់ច្រកព្រំដែនកុំឲ្យមានការនាំចូលសត្វជ្រូក និងសាច់ជ្រូកពីប្រទេសជិតខាង រួមនិងការចរាចរណ៍សាច់ជ្រូក នៅតាមមូលដ្ឋានដែលមិនមានប្រភពច្បាស់លាស់ និងលក់ក្នុងតម្លៃថោកជាដើម ។ ជាមួយនេះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភដល់ម្ចាស់កសិដ្ឋានចំនួន ២០០.០០០ រៀល សម្រាប់ទិញថ្នាំការពារមេរោគផងដែរ ។
សូមបញ្ជាក់ថា អនុវត្តតាមការណែនាំរបស់លោកអភិបាលខេត្ត ក្នុងការអនុវត្តវិធានការជីវសុវត្ថិភាព រួមនិងការបាញ់ថ្នាំសម្លាប់មេរោគ បច្ចុប្បន្ននេះស្ថានភាពជ្រូក នៅតំបន់ផ្ទុះជំងឺភូមិឫស្សីជួរខាងត្បូង មិនមានបញ្ហាអ្វីកើតឡើងនោះទេ ដោយគិតចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ គឺពុំមានសត្វជ្រូកស្លាប់បន្តទៀតឡើយ ។ ទន្ទឹមនេះអាជ្ញាធរដែនដី ខេត្ត ស្រុក ឃុំ ភូមិ ក៏នៅតែបន្តសហការជាមួយក្រុមអន្តរាគមន៍ពេទ្យសត្វយ៉ាងសកម្មបន្តតាមដានឃ្លាំមើល អប់រំផ្សព្វផ្សាយ និងអនុវត្តវិធានការនានាទប់ស្របតាមតាមប្រកាសរបស់ក្រសួងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីទប់ស្កាត់ការរីករាលដាល និងការកើតឡើងថ្មីនៃជំងឺនេះ ៕
មតិយោបល់