សៀមរាបៈ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ អឿន ម៉ៅ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលស្រុកស្វាយលើឃាត់ខ្លួន ដោយជាប់សង្ស័យប្រើអំពីហិង្សាលើប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យស្លាប់ នៅថ្ងៃបន្ទាប់។
សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានឲ្យដឹងទៀតថា កាលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ អឿន ម៉ៅ បានយកអង្រែ បុកគ្រឿងវាយទៅលើជនរងគ្រោះឈ្មោះ ដូង សាវ៉ៃ អាយុ ៣៤ឆ្នាំ ត្រូវជាប្រពន្ធ បណ្ដាលឲ្យរបួសជើងជាទម្ងន់ ដោយមូលហេតុជនសង្ស័យ ផឹកស្រាស្រវឹង ហើយសួរទៅជនរងគ្រោះថា បាត់កូនបងទៅណាមិនឃើញនៅផ្ទះ រីឯជនរងគ្រោះឆ្លើយថា មិនដឹង ទើបជនសង្ស័យវាយ ហើយជនរងគ្រោះក៏រត់ចូលព្រៃសំងំលាក់ខ្លួនមិនរាយការណ៍ដល់សមត្ថកិច្ចទេ ។ លុះដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះនៅផ្ទះ ចំណែកជនសង្ស័យបានទៅផ្សារស្រែណូយ លុះថ្ងៃត្រង់ជនសង្ស័យបានត្រឡប់មកវិញ ហើយស្រវឹងស្រាជោគ ពេលមកដល់ផ្ទះក៏បានសួរជនរងគ្រោះដដែលថា កូនបងទៅណាហើយជនរងគ្រោះប្រាប់ថា វាធំហើយមិនដឹងទៅណាទេ ភ្លាមនោះជនសង្ស័យក៏ស្ទុះទៅវាយ និងទាត់ធាក់ ជនរងគ្រោះរមៀលពេញផ្ទះ ត្រូវចំមុខផង ក្បាលផង ដងខ្លួនផង ធ្វើឲ្យជនរងគ្រោះសន្លប់បាត់ស្មារតីលែងដឹងខ្លួន ពេលនោះគ្មាននរណាទៅជួយទេ ហើយគេក៏មិនចាប់អារម្មណ៍ដែរ ព្រោះគ្រួសារនេះ តែងតែទាស់គ្នាស្ទើររាល់ថ្ងៃ ដោយជនសង្ស័យផឹកស្រា ជនរងគ្រោះក៏ផឹកស្រា ហើយក្រោយពីជនសង្ស័យវាយរួច ជនរងគ្រោះពុំបានទៅពេទ្យដើម្បីពិនិត្យព្យាបាលជំងឺទេ ហើយក៏គ្មាននរណាដឹងដែរ គឺដេកឈឺនៅលើផ្ទះជាមួយកូន រីឯប្តីដើរផឹកបាត់ មកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ទើបកូនដែលនៅជាមួយ រត់មកប្រាប់អ្នកជិតខាងថា ឪពុករបស់គេ វាយម្តាយរហូតដេកស្លាប់ទើបអ្នកស្រុកទៅមើលគឺស្លាប់មែន។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានឲ្យដឹងបន្ថែមទៀតថា តាមការបញ្ជាក់ពីអ្នកជិតខាង គ្រួសារនេះឈ្លោះគ្នាជាញឹកញាប់ ហើយធ្លាប់ធ្វើកិច្ចសន្យានៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរួចរាល់ដែរ ៕
មតិយោបល់