ព័ត៌មានជាតិ

រថយន្តធុនធំ២គ្រឿង​ បុកគ្នាពេញទំហឹង នៅផ្លូវជាតិលេខ៣ បណ្តាលឲ្យរងការខូចខាត ទាំងសងខាង

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយដឹកឥដ្ឋមួយគ្រឿង បើកបរល្បឿនលឿន វ៉ាក់អើជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តដឹកឥដ្ឋការ៉ូ កំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យទទួលរងការខូចខាតខ្ទេចកាប៊ីនទាំងសងខាង សំណាងល្អគ្មានអ្នករងរបួស តែបង្កឲ្យកកស្ទះចរាចរណ៍ លើដងផ្លូវ ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ ទល់មុខសាលាបឋមសិក្សាទួលកី ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ ភាគីខាងរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទ យីឌុប ពណ៌បៃតង ឆ្នូតលឿង ពាក់ផ្លាកលេខ ភ្នំពេញ 3D-3855 ជារថយន្តដឹកឥដ្ឋការ៉ូ បើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានស៊ីញ៉ូឆ្វេង បើកឆ្លងផ្លូវ បំណងបត់ត្រឡប់ក្រោយ ទើបតែដល់ពាក់កណ្តាល ស្មើនឹងទ្រូងចែកផ្លូវ ស្រាប់តែភាគីរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 3A-3128 ជារថយន្តដឹកឥដ្ឋ បើកល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង ស្របគ្នា វ៉ាក់អើជាន់ហ្វ្រាំងមិនទាន់ បួងចង្កូតគេចទៅឆ្វេង តែមិនផុត ក៏ជ្រុលទៅបុកក្បាលរថយន្តដឹកឥដ្ឋការ៉ូ ខ្ទាតជ្រុលហួសទៅមុខ រងខូចខាតខ្ទេចកាប៊ីនទាំង២គ្រឿងតែម្តង សំណាងល្អពុំមានអ្នករងរបួស ក៏ប៉ុន្តែបណ្តាលឲ្យកកស្ទះចរាចរណ៍ លើកកំណាត់ផ្លូវ ផ្នែកខាងចេញពីរាជធានីភ្នំពេញ ដោយសាររថយន្តដឹកឥដ្ឋការ៉ូ គាំងកាត់ទទឹងផ្លូវជាតិលេខ៣ ។

ក្រោយកើតហេតុ សមត្ថកិច្ចដែលមានប៉ុស្តិ៍នៅក្បែរនោះស្រាប់ ចេញមកសម្រួលចរាចរ បាញ់ថ្នាំចំណាំ យករថយន្តទាំង២ដាក់អែបកៀនខាង ដើម្បីឲ្យចរាចរណ៍លើដងផ្លូវធូរស្រាលឡើងវិញ និងប្រគល់ឲ្យជំនាញចុះវាស់វែង រួចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌរង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់