ព័ត៌មានជាតិ

រន្ធត់ណាស់! យុវជន ២នាក់ត្រូវរថយន្តកិនអូសទាំងម៉ូតូ និងមនុស្សជាប់រថយន្ត នៅស្រុកពញាឮ

កណ្ដាលៈ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៩និង២៩នាទីព្រឹក ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក SUZUKI SMASH REVO C110 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1F-6205 បើកបរដោយឈ្មោះ និត ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅខេត្តព្រៃវែង មិនពាក់មួកសុវត្ថិភាព ស្លាប់ អូសម៉ូតូនិងអ្នកបើកបរជាប់នឹងរថយន្ត មានអ្នករួមដំណើរម្នាក់ឈ្មោះ ធី វណ្ណថង ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិចន្លោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មិនពាក់មួកសុវត្ថិភាព ស្លាប់នៅកន្លែងកើតហេតុ ដែលបើកបរពីត្បូងទៅជើង (ភ្នំពេញ-បាត់ដំបង) លុះបើកបរមកដល់ចំណុចកើតហេតុ អ្នកបើកបរម៉ូតូបានបើកឡើងវ៉ាជែងរថយន្តតូចមួយគ្រឿង កំពុងបើកបរស្របទិសនៅខាងមុខវ៉ាមិនផុតបានបុកចំស្តុបខាងឆ្វេងនៃរថយន្តនោះ បណ្តាលឲ្យដួលខ្ទាតម៉ូតូអ្នកបើកបរ និងរួមដំណើរនៅលើកណ្តាលទ្រូងផ្លូវ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស+ខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1508 បើកបរដោយឈ្មោះ ហ៊ុន សាន្ត ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិវិហារខ្ពស់ ឃុំសួង ក្រុងសួង ខេត្តត្បូងឃ្មុំ (អ្នកបើកបរឃាត់ខ្លួន) មានអ្នករួមដំណើរចំនួន ២នាក់ ១/ឈ្មោះ ណែម សុធុល ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិវិហារខ្ពស់ ឃុំសួង ក្រុងសួង ខេត្តត្បួងឃ្មុំ។ ២/ឈ្មោះ ម៉ី សាម៉ន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំត្នោត ស្រុកកញ្រ្ជាច ខេត្តព្រៃវែង។ អ្នកបើកបររថយន្តនោះជាន់ហ្វ្រាំងមិនទាន់បានកិនពីលើអ្នករួមដំណើរម៉ូតូស្លាប់នៅកន្លែងកើតហេតុ រីឯអ្នកបើកបរ និងម៉ូតូអូសជាប់នៅក្រោមរថយន្តដែលព្យាយាមបើករត់គេចរហូតជិតដល់សាលាឃុំកោះចិន អ្នកបើកបររថយន្តបានឈប់រថយន្តរួចរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចធ្វើការសហការគ្នាដេញចាប់ឃាត់ខ្លួនបាន ដើម្បីយកមកសាកសួរ និងបំពេញនីតិវិធី។
ក្រោយកើតហេតុសមត្ថកិច្ច វាស់វែងយកវត្ថុតាងទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកពញាឮ ដើម្បីបន្តនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សន្និដ្ឋាន៖ ករណីខាងលើ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ចំពោះអ្នកបើករថយន្ត បើកបរមានល្បឿលឿន នៅខាងមុខមានឧបសគ្គប្រគៀកប្រកិតមិនអាចគេចផុតពីគ្រោះថ្នាក់បាន៕

មតិយោបល់