ត្បូងឃ្មុំៈ នៅវេលាម៉ោង១១ និង៥០នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧២-១៧៣ ស្ថិតក្នុងភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ។
រថយន្តម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២BG ៧៦៦៨ អ្នកបើកបរមិនស្គាល់ឈ្មោះ (ដោយក្រោយបង្ក បានបើករថយន្តគេចចេញពីកន្លែងកើតហេតុចម្ងាយប្រហែល ១០០០ម៉ែត្រ ក៏ឈប់ចុះគេចខ្លួនបាត់ទុករថយន្តចោល) បានបើកបរយ៉ាងលឿន ធ្វើដំណើរពីកើតទៅលិច។ មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ ១គ្រឿង កំពុងបើកឆ្លងផ្លូវ ម៉ាកសង់C១២៥ពណ៌ ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ១A ៧២៦៣ បើកបរដោយឈ្មោះ ប៉ន សំអាត ភេទ ស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សសាលាវិទ្យាល័យ ហ៊ុន សែន ពញាក្រែក ស្នាក់នៅភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (រងរបួសធ្ងន់ ហើយបានស្លាប់ ពេលបញ្ចូនទៅដល់មន្ទីពេទ្យបង្អែកស្រុកពញាក្រែក) ។
សម្ភារៈខូចខាត៖ រថយន្ត និងម៉ូតូ ខូចកម្រិតធ្ងន់។ មូលហេតុ៖ ប្រើប្រាស់ល្បឿនលឿន។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងទាំង០២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕
មតិយោបល់