ព័ត៌មានជាតិ

ពិតជាសាហាវមែន! ជិះទ្បានមកកាប់ប្លន់យកទូរស័ព្ទ បណ្ដាលឲ្យស្ត្រីម្នាក់របួសធ្ងន់ មិនរំខានដល់សមត្ថកិច្ចខណ្ឌដូនពេញទេ

ភ្នំពេញៈ នារីបម្រើផ្លូវភេទម្នាក់ ខណៈកំពុងតែឈរចាំម៉ូយ នៅមាត់ទន្លេ មុខអតីតក្លឹប (ទ្រូហ្វេស) ត្រូវបានជនសង្ស័យមានគ្នា ២ នាក់ ជិះរថយន្តមកធ្វើសកម្មភាពកាប់ប្លន់បានសម្រេច ដោយមិនរំខានដល់សមត្ថកិច្ចនោះទេ។

ករណីនេះ កើតទ្បើងនៅវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០១៩ តាមបណ្ដោយផ្លូវព្រស៊ីសុវត្ថិ កែងនិងផ្លូវ៩០ ទល់មុខអតីតក្លឹប (ទ្រូហ្វេស) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញនារីជនរងគ្រោះ កំពុងឈរចុចទូរស័ព្ទ នៅទីតាំងខាងលើ ខណៈនោះស្រាប់តែមានរថយន្តម៉ាកកូរ៉ឡាមួយគ្រឿង ស៊េរីឆ្នាំ៩៣ មិនចាំស្លាកលេខ មានគ្នា២នាក់ ជិះនៅលើរថយន្ត មកឈប់ហើយទាញយកទូរស័ព្ទពីនារីរងគ្រោះ តែនាងមិនព្រមឲ្យ ក៏ដកកាំបិតកាប់ទៅលើជនរងគ្រោះចំត្រគៀក បណ្ដាលឲ្យហូរឈាមស្រោចខ្លួន រួចជនសង្ស័យ បានបើករថយន្តគេចខ្លួនបាត់តែម្ដង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។

សូមបញ្ជាក់៖ ករណីនេះ ហាក់បីដូចជាជនសង្ស័យ មិនខ្លាចសមត្ថកិច្ចទាល់តែសោះ ពលរដ្ឋក្នុងខណ្ឌដូនពេញ សំណូមពរតាមរយៈសារព័ត៌មាន Post News ឲ្យលោកអភិបាលខណ្ឌ និងអធិការខណ្ឌ ជួយពង្រឹងក្នុងមូលដ្ឋានរបស់លោក កុំឲ្យមានចោរឆក់ចោរប្លន់ ក្រុមក្មេងស្ទាវ បង្កអុកទ្បុក ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ បញ្ហាសុវត្ថិភាព ហើយតំបន់របស់លោក ក៏ជាកន្លែងទេសចរណ៍ ទាំងភ្ញៀវជាតិ និងអន្តរជាតិដើរកម្សាន្ត អាស្រ័យហេតុនេះ សូមឲ្យលោកជួយជំរុញមន្ត្រីក្រោម​ឱវាទធ្វើសកម្មភាពល្បាត ក្នុងដែនសមត្ថកិច្ចឲ្យបានយប់ជ្រៅផង កុំតែល្បាតមួយភ្លែត រត់ចូលដេកប៉ុស្តិ៍បាត់អស់ ទុកឲ្យពលរដ្ឋរិះគន់៕

មតិយោបល់