ព័ត៌មានជាតិ

ជនសង្ស័យ០៤នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃស្រ្តីម្នាក់ ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច

ភ្នំពេញ: ករណីជនសង្ស័យ៤នាក់ ជិះម៉ូតូចំនួន២គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃស្រ្តីម្នាក់ បានសម្រេចហើយ ជិះរត់គេចខ្លួន ត្រូវបានកម្លាំងជំនាញ ធ្វើការក្របួចជាប់ កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ២៦៥ កែងផ្លូវ១៨៦ នៅចំណុចច្រកចូលផ្សារសំណង់១២ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីខាងលើនេះ បើយោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ កំពុងតែឈរនៅចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន០៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូចំនួន២គ្រឿង ក្នុងនោះមួយគ្រឿងម៉ាកសង់០២១ មិនចាំផ្លាកលេខ នឹងមួយគ្រឿងទៀតម៉ាកហុងដា Beat ពណ៌ក្រហម មិនចាំផ្លាកលេខនោះទេ ។ ជនសង្ស័យខាងលើនេះ ឆ្លៀតអាកាសល្អក៏ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីជនរងគ្រោះ បានសម្រេចហើយជិះរត់គេចខ្លួន ចៃដន្យអីមកដល់ផ្លូវទាល់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌទួលគោក ប្រទះឃើញក៏ជិះម៉ូតូ ដេញតាមពីក្រោយ រួចហើយជនសង្ស័យភ័យស្លន់ស្លោពេក ក៏ផ្តួលម៉ូតូរត់ឡើងលើផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មកចោមរោមមើល ។ សំណាងល្អហើយដែល ប្រជាពលដ្ឋនាំគ្នារាយការណ៍ ។ រួចហើយឲ្យសមត្ថកិច្ចចូលក្នុងផ្ទះក៏ឃើញជនសង្ស័យទាំងអស់ចំនួន៤នាក់៖

ជនសង្ស័យទី៖១-ឈ្មោះ ផុសដា ហៅដា ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរជាងធ្វើភ្លើង ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ,ទី២-ឈ្មោះ រី សូម ហៅសួត ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ,ទី៣-ឈ្មោះ ដូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មានមុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងទី៤-ឈ្មោះ ហុង ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ប៉ុន្តែក្នុងនោះគឺមានតែ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់បានយកទៅសួរនាំ នៅអធិការនគរបាលខណ្ឌទួលគោក ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់