ក្រោយទទួលបានឱកាសសម្ដែង ក្នុងបទចម្រៀងជាច្រើន តារាសម្ដែងទម្រង់មុខកូនកាត់ លោក ចាន់សុី សុីណាវ៉ាត់ត្រា ត្រូវគេកត់សម្គាល់ថា មានទីផ្សារគេទាក់ទងអោយសម្ដែងជាច្រើន ដោយមានការលើកឡើងថា តាំងពីបានឡើងកូដ លោកកើតជំងឺតួឯក ទទួលថតសាច់រឿងជាតួសំខាន់នោះផង។ យ៉ាងណាមិញ លោកបានឆ្លើយតបនឹងការលើកឡើងនេះ។
តារាសម្ដែង លោក ចាន់សុី សុីណាវ៉ាត់ត្រា បានឆ្លើយបញ្ជាក់ថា លោកមិនដែលកើតជំងឺតួឯក ដោយប្រកាន់ជំហរសម្ដែងតែតួឯក ឬទាល់តែតួសំខាន់ ទើបទទួលសម្ដែងនោះទេ ពោលគឺលោកសម្ដែងទាំងអស់ សំខាន់អោយតែលោកមានពេល ហើយឈុតដែលទាក់ទងមកនោះ សមស្រប។ យ៉ាងណាមិញ លោកសារភាពថា សាច់រឿងដែលលោកទទួលសម្ដែង ក៏ត្រូវតែលោកពេញចិត្តផងដែរ ដោយសារតែលោករស់នៅ និងបម្រើការនៅខេត្តបាត់ដំបង បើជ្រុលជាត្រូវទៅសម្ដែង ក៏ត្រូវតែចំសាច់រឿង ដែលជួយលើកមុខលើកមាត់ជាថ្នូរនឹងការទទួលសម្ដែង។ លោកនិយាយថា “ខ្ញុំមិនដែលប្រកាន់ខ្លួនថា ទាល់តែតួឯកបានលេងទេ ប៉ុន្តែបើសាច់រឿងខ្លះ គាត់អោយយើងដើរតួតិចប្លង់ពេក ក៏ពិបាកទទួលថតដែរ ព្រោះខ្ញុំជាអ្នកឆ្ងាយ ត្រូវចំណាយច្រើន បើមកមួយជើង ដើម្បីតែចេញមុខមួយប្លង់ ក៏មិនអាចសម្ដែងដែរ”។
លោក ចាន់សុី សុីណាវ៉ាត់ត្រា បន្តថា មួយរយៈចុងក្រោយ ពិតជាបានបដិសេធ មិនសម្ដែងបទចម្រៀងមិនតិចបទទេ ដោយសារតែការទំនាក់ទំនងខ្លះ ទាក់ទងមកចំពេលលោក មិនអាចដកឃ្លាពីការងារនៅធនាគារ ហើយសាច់រឿង ដែលទាក់ទងមកខ្លះ ក៏ច្រើនតែជាសាច់រឿង មិនសូវសុីនឹងការចង់សម្ដែង។ លោកសម្ដែងអារម្មណ៍សោកស្ដាយ ដែលអត់បានទទួលសម្ដែងភាពយន្ត ដែលខាងផលិតករទាក់ទងមកទាល់តែសោះ ចាប់តាំងពីភ្ជាប់ពាក្យហើយ ដោយសារតែការសម្ដែងភាពយន្ត ត្រូវចំណាយពេលច្រើនថ្ងៃ មិនអាចអោយលោកសុំច្បាប់ការងារ។
លោកថាវាមិនទាក់ទងនឹងមិនបានសម្ដែងតួឯក ដូចការលើកឡើងនោះទេ។ លោកព្រលយថា ការងារសិល្បៈ ទទួលតែថតបទចម្រៀងប៉ុណ្ណោះ ហើយបើបទចម្រៀងនោះ ផ្ដល់ឱកាសអោយលោក សម្ដែងជាតួឯក ឬជាតួសំខាន់ផង គឺទោះជាអោយសុំច្បាប់ការងារ ក៏លោកមិនស្ដាយ៕
មតិយោបល់