(សេអ៊ូល)៖ កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានសម្រេចចិត្តស្តារឡើងវិញហើយនូវខ្សែទូរស័ព្ទឆ្លងដែនរវាងប្រទេសទាំង២ បន្ទាប់ពីទីក្រុងព្យុងយ៉ាងកាត់ផ្ដាច់
ការទំនាក់ទំនងកាលពីខែសីហាមក។ នេះបើតាមរដ្ឋាភិបាលកូរ៉េខាងត្បូង។
ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានដឹងថា ភាគីទាំងពីរបានធ្វើទំនាក់ទំនងគ្នា តាមរយៈការហៅទូរស័ព្ទទៅវិញទៅមក នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលានេះ ហើយកូរ៉េខាងត្បូងក៏បានបង្ហាញក្តីសង្ឃឹមថាទំនាក់ទំនងជាមួយកូរ៉េខាងជើង នឹងអាចស្តារឡើងវិញជាបណ្តើរៗផងដែរ។
ការស្តារខ្សែទូរស័ព្ទឡើងវិញនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តគ្រាប់មីស៊ីលថ្មី ដែលបង្កឲ្យអន្តរជាតិព្រួយបារម្ភ ចំពោះភាពតានតឹងខ្លាំងឡើងៗ នៅក្នុងតំបន់ឧបទ្វីបកូរ៉េទាំងមូល។ លោក គីម ជុងអ៊ុន កាលពីថ្ងៃមុននេះបាននិយាយថារដ្ឋាភិបាលរបស់លោកមានបំណងភ្ជាប់ ខ្សែទូរស័ព្ទអន្តរកូរ៉េឡើងវិញ តែបានច្រានចោលការស្នើសុំរៀបចំកិច្ចចរចាឡើងវិញរបស់សហរដ្ឋអាមេរិក៕
ប្រភព៖ Reuters
មតិយោបល់