សៀមរាបៈ យោងផេកតាមមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា បានសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួនតូច ពុំបានផ្តល់គុណតម្លៃដល់ប្រាសាទអង្គរ ដូចអត្ថន័យខាងលើឡើយ ពោលគឺបាននាំគ្នាអង្គុយនៅលើវាលស្មៅ លើថ្មច្រាំងកសិន្ធុប្រាសាទអង្គរវត្ត លើខឿនប្រាសាទផ្សេងៗ ដើម្បីសេពគ្រឿងស្រវឹង បើកឧបករណ៍បំពងសំឡេងកម្សាន្តសប្បាយខ្លាំងៗ ព្រមទាំងចោលសំរាមគ្មានសណ្ដាប់ធ្នាប់ និងអនាម័យ ប៉ះពាល់ដល់សោភ័ណភាព បរិស្ថាននៅជុំវិញតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកនេះ។
តាមខ្លឹមសារបានបញ្ជាក់ទៀតថា អាជ្ញាធរជាតិអប្សរាចាត់ទុកទង្វើទាំងនេះថា បាននឹងកំពុងធ្វើឱ្យបាត់បង់ជាបណ្តើរៗនូវភាពអច្ឆរិយៈ ភាពជាទីកន្លែងសក្ការៈបូជារបស់ប្រាសាទអង្គរ ហើយក៏ធ្វើឱ្យភ្ញៀវទេសចរបរទេសបាត់បង់នូវជំនឿ មកលើទឹកដីដ៏អស្ចារ្យមួយនេះ ដូចដែលគេស្រមៃមុនពេលមកទស្សនា ដូច្នេះអាជ្ញាធរជាតិអប្សរា សូមលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ គួរបញ្ឈប់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃនៃរមណីយដ្ឋានអង្គរ និងចូលរួមថែរក្សាកេរ្តិ៍មត៌កដូនតាទាំងអស់គ្នា ជាពិសេសប្រាសាទអង្គរវត្ត ហើយសូមឱ្យប្រាសាទអង្គរ នៅតែជាទីអច្ឆរិយៈជារៀងរហូត ។
គួររំឭកថា រមណីយដ្ឋានអង្គរ គឺជាទីកន្លែងពិសិដ្ឋ ដែលប្រជាជនខ្មែរតែងតែធ្វើការគោរពបូជា ប្រតិបត្តិនូវជំនឿសាសនាជាទីសក្ការៈខ្ពង់ខ្ពស់បំផុតរបស់ខ្លួន ហើយប្រាសាទអង្គរ ដែលជាដួងព្រលឹងជាតិខ្មែរ គឺត្រូវបានអ្នកប្រវត្តិវិទូ និងបុរាណវិទូ ចាត់ទុកថាតំណាងឱ្យចក្រវាឡ ព្រោះគ្រប់ផ្នែកទាំងអស់នៃប្រាសាទអង្គរ ដូចជាប្រាង្គប្រាសាទ កសិន្ធុទឹក ទីធ្លាជុំវិញ សុទ្ធតែជាទីសក្ការៈបូជា ព្រោះក្នុងជំនឿសាសនា ប្រាង្គប្រាសាទគឺជាតំណាងភ្នំព្រះសុមេរុ ហើយកសិន្ធុទឹកតំណាងឱ្យមហាសមុទ្រ ដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុនោះ ។
ទន្ទឹមនឹងនេះ ប្រជាជនខ្មែរតែងតែសំឡឹងមកប្រាសាទអង្គរប្រកបដោយក្តីមោទនៈជាទីបំផុត នៅពេលដែលគេរំឭកអំពីភាពរុងរឿងដ៏អស្ចារ្យរបស់ជាតិខ្មែរនាពេលអតីតកាល ដូច្នេះ យើងគួរគប្បីចូលរួមទាំងអស់គ្នាប្រកបដោយឆន្ទៈគោរពប្រតិបត្តិគ្រប់ផ្នែកទាំងអស់នៃប្រាសាទអង្គរ ចាត់ទុកជាទីសក្ការៈបំផុត ៕
មតិយោបល់