ព័ត៌មានជាតិ

សាច់ជ្រូកលក់រាល់ថ្ងៃ ទាល់តែមានបោះត្រាពីមន្ត្រីជំនាញ ទើបជាសាច់សត្វមានសុវត្ថិភាព

សៀមរាប: យោងតាមផេកមន្ទីរខេត្តសៀមរាប បានឲ្យដឹងថា បងស្រីឈ្មោះ ឈន់ សុភា អាជីវករលក់សាច់ជ្រូកនៅផ្សាចាស់ ក្នុងក្រុងសៀមរាប បានអះអាងថា ចាប់តាំងពីមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកមក ការលក់ដូររបស់ពួកគាត់មានការធ្លាក់ចុះរហូតដល់ ទៅ៦០ភាគរយ ដែលការលក់ធ្លាក់ចុះនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ ដូច្នេះ តាមរយ:នេះ សូមអំពាវនាវពលរដ្ឋក្នុងខេត្តសៀមរាប ងាកមកទទួលទានសាច់ជ្រូកវិញ ព្រោះសាច់ជ្រូកដែលពួកគាត់ដាក់លក់រាល់ថ្ងៃនេះ គឺជាសាច់ដែលមានសុវត្ថិភាព ពុំមានជំងឺឆ្លងណាមួយនោះទេ ព្រោះមានការត្រួតពិនិត្យគុណភាពសាច់យ៉ាងហ្មត់ចត់ពីមន្ត្រីជំនាញ ។

លោក ស៊ឹម ធរដ្ឋ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនសាទខេត្តសៀមរាប មានប្រសាសន៍ថា នៅក្នុងខេត្តសៀមរាប មិនទាន់កើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏ខាងមន្ត្រីជំនាញ ចុះធ្វើការពិនិត្យតាមដានលើស្ថានភាពជំងឺនេះជាប្រចាំ និង ពង្រឹងការត្រួតពិនិត្យលើការនាំចូលសត្វជ្រូកតាមព្រំប្រទល់ខេត្តផ្សេងៗផងដែរ ។

លោក ស៊ឹម ធរដ្ឋ មានប្រសាសន៍ទៀតថា តាមឯកសារជាច្រើនបញ្ជាក់ថា ចំពោះវីរុសដែលបង្កជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ មិនអាចឆ្លងពីសត្វទៅមនុស្ស ឬ ឆ្លងពីមនុស្សទៅសត្វឡើយ ដូច្នេះសូមបងប្រជាពលរដ្ឋ គួរតែបរិភោគសាច់ជ្រូកឡើងវិញ ចំពោះសាច់ជ្រូកដែលមានបោះត្រាសម្គាល់ថាសាច់សត្វមានសុវត្ថិភាព ពីមន្រ្តីជំនាញពេទ្យសត្វ ព្រោះថា ប្រសិនបើសាច់សត្វមិនមានបោះត្រាសម្គាល់ ឬសាច់សត្វគ្មានប្រភពច្បាស់ទេនោះ អាចមានជំងឺផ្សេងទៀត ដែលអាចឆ្លងដល់មនុស្ស៕

មតិយោបល់