ភ្នំពេញៈ កាលពីវេលាម៉ោង ២ និង ០០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាងក្រោយភោជនីយដ្ឋាន នួនប្រុស៣ ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ សមត្ថកិច្ច បានទទួលជនសង្ស័យ ២នាក់ ពីកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ពាក់ព័ន្ធករណីផ្ទុះអាវុធ ។
ជនសង្ស័យទី១.ឈ្មោះ ខៃ សាក់ ភេទប្រុស អាយុ២៧ឆ្នាំ ម្ចាស់អាវុធ ម៉ាកK54 ជាមន្ត្រីប៉ុស្តិ៍នគរបាល និងទី២.ឈ្មោះ គង់ បណ្តាល ភេទប្រុស អាយុ២២ឆ្នាំ រួមទាំងអាវុធខ្លីចំនួន ១ដើម ម៉ាក K54 ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យពីរនាក់ខាងលើ រួមជាមួយបក្ខពួក២នាក់ទៀត៖ ១-ឈ្មោះ ផេង ភេទប្រុស និង២-ឈ្មោះ មករា ភេទប្រុស (គេចខ្លួន) បាននាំគ្នាមកផឹកស្រាបៀរ នៅទីតាំងខាងលើ ។
លុះផឹកស៊ីរហូតដល់ម៉ោង ២ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឈ្មោះ ផេង និងឈ្មោះ មករា ស្រាប់តែមានទំនាស់ពាក្យសម្តីយខ្លាំងឡើងៗ ឈានដល់ការវាយតប់គ្នា។ ដោយជនសង្ស័យឈ្មោះ ផេង បានយកកាំបិត ទៅកាប់លើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ហើយជនសង្ស័យឈ្មោះ ខៃ សាក់ ក៏បានទៅយកអាវុធរបស់ខ្លួនម៉ាក K54 ពីក្នុងខ្លុបម៉ូតូ បាញ់ឡើងលើចំនួន៣គ្រាប់ រួចគេចខ្លួនបាត់។
ករណីនេះ នៅវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃដដែល ទើបកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យខាងលើបាន។
សូមបញ្ជាក់ថា៖ ករណីនេះ ភ្នាក់ងារ Post News គ្រាន់តែដឹងថា ជនសង្ស័យពិតជាមន្ត្រីនគរបាលមែន ប៉ុន្តែមិនដឹងបម្រើការនៅអង្គភាពណា ហើយមានតួនាទីអ្វីទេ តែយើងនឹងធ្វើការស្វែងរក ប្រភពព័ត៌មានបន្ថែមទៀត៕
មតិយោបល់