ភ្នំពេញៈ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
ជនសង្ស័យ ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ ១៦ឆ្នាំ។
រូបគេខាងលើ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០០ និង៣០នាទី រំលងអធ្រាត្រ នៅចំណុច ផ្លូវ១១១ កែងផ្លូវ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីរូបគេ និងបក្ខពួក ០៣នាក់ ទៀត មានឈ្មោះ ហ្វុង ,ឈ្មោះ ឆាយ ,ឈ្មោះ ឈិ ឈីត បាននាំគ្នាចេញពីកន្លែងផឹកស្រាក្រឡុក នៅម្តុំក្រោយវាំង ហើយជិះម៉ូតូ ០២គ្រឿង ម៉ាក Beat ពណ៌ខៀវលាយស និងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ (មិនចាំស្លាកលេខ) ដើម្បីជិះរកធ្វើសកម្មភាពឆក់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ។
លុះពេលជិះដល់ចំណុចខាងលើ បានឃើញស្រ្តីរងគ្រោះជាជនបរទេស ឈរស្ពាយកាបូប ក៏បានជិះទៅក្បែរ ហើយធ្វើសកម្មភាពឆក់កាបូបពីនារីនោះ តែមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូខ្លួនឯង ស្របពេលកម្លាំងអាវុធហត្ថកំពុងល្បាតឃើញ បានចុះមកឃាត់ខ្លួនបានមា្នក់ ចំណែកបក្ខពួកគេផ្សេងទៀត បានជិះម៉ូតូរត់គេចខ្លួនអស់។
ឈ្មោះ សុខ វិសាល ជាជនសង្ស័យ បានប្រាប់ឲ្យដឹងថា កាលអំឡុងចុងឆ្នាំ២០១៨ រូបគេ និងបក្ខពួក ធ្លាប់ធ្វើសកម្មភាពឆក់កាបូបបានសម្រេចម្តង បានប្រាក់១០០ដុល្លារអាមេរិក នៅចំណុចម្តុំផ្លូវ៣១០ ខណ្ឌចំការមន៕
មតិយោបល់