ភ្នំពេញៈ យុវជន៤នាក់ បើករថយន្តដឹកគ្នាចេញពីក្លឹបរាំកម្សាន្ត ក្នុងស្ថានភាពស្រវឹងជោគជាំ ជាមួយល្បឿនយ៉ាងលឿន បានជ្រុលចង្កូតទៅបុកទម្លុះទ្វារហាងលក់វាំងនន និងគ្រឿងសង្ហារឹមយីហោ ឃ្វីន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង១០នាទីទៀបភ្លឺថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ កែងនិងផ្លូវ១១២៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ ម៉ាកតូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-4464 បើកបរដោយយុវជនចំនួន៤នាក់ ធ្វើដំណើរមកពីអតីតរង្វង់មូលកាំកូស៊ីធីឆ្ពោះទៅស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវ៥៩៨ ក្នុងល្បឿនយ៉ាងលឿនដូចហោះ។ មកដល់ចំណុចកើតហេតុ ដោយផ្លូវមានស្ថានភាពកោង ហើយរថយន្តបង្កបើកលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបួងចង្កូតមិនទាន់ ក៏ជ្រុលទៅខាងស្ដាំដៃទៅបុកនឹងទ្វារហាងលក់វាំងនន និងគ្រឿងសង្ហារឹមខាងលើ បណ្តាលឲ្យរថយន្តបង្កក្រឡាប់ខ្ទាតទៅខាងមុខបីទៅបួនត្រឡប់ រងការខូចខាតដាច់កង់ទាំងពីរ ចំហៀងខាងស្តាំរួមទាំងក្រពឹតស្ទើរទាំងស្រុង។ ចំណែកទ្វារហាងខាងលើ វៀចអស់ចំនួន ៣ផ្ទាំង (ទ្វារដែករូត) ដែលមួយផ្ទាំងមានទំហំប្រមាណ១០x៧ម៉ែត្រ រួមទាំងខូចខាតដល់គ្រឿងសង្ហារិម ដែលនៅខាងក្នុងហាងមួយចំនួនទៀត។ នៅក្នុងហេតុការណ៍នេះ គឺមិនមាននរណាម្នាក់រងរបួសនោះទេ។
បើតាមសម្ដីពីយុវជនម្នាក់ ដែលជាអ្នកបើកបររថយន្តបង្ក បានឲ្យដឹងថា ពួកគេទាំង៤នាក់ គឺទើបតែចេញមកពីក្លឹបកម្សាន្តអ៊ីផេច៍២ ដោយបានកាម៉ងស្រាបៀរ ABCចំនួន៨ដប ញ៉ាំគ្នា៤នាក់។ ដោយសារតែរូបគេ បើករថយន្តគេចពីរថយន្ដមួយគ្រឿងទៀត ដែលបើកបញ្ច្រាសទិសគ្នា ទើបបណ្ដាលឲ្យជ្រុលទៅបុកទ្វារហាងខាងលើតែម្តងទៅ។
ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចជំនាញខណ្ឌសែនសុខ បានចុះមកដល់កន្លែងកើតហើយ ក៏បានធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕
មតិយោបល់