ព័ត៌មានជាតិ

តួឯករៀបនឹងឡើងសម្តែងទៅហើយ បែរជាចុះពីលើឆាកផ្អើលឆោឡោ

ភ្នំពេញ: បុរសម្នាក់ជាតួល្ខោនបាសាក់ ពេលដែលរៀបចំផាត់ក្រែមថែមម្សៅ ដើម្បីសម្តែងលើឆាក តែបែរជាខកខានទៅវិញ ដោយសារមានជនសង្ស័យលួចម៉ូតូមួយគ្រឿង យកទៅបាត់ធ្វើឱ្យជនរងគ្រោះ ដើររកម៉ូតូទាំងគ្រងសម្លៀកបំពាក់ជាតួល្ខោនបាសាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលម៉ោង៨និង១០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅម្តុំឆាកល្ខោនមួយកន្លែង ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើឈ្មោះ ជីម សុធារី ភេទប្រុស អាយុ២០ឆ្នាំ ជាសិល្បករល្ខោនបាសាក់ មានស្រុកកំណើតនៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ចំណែកម៉ូតូមួយគ្រឿង ដែលត្រូវជនសង្ស័យលួចយកទៅបាត់នោះ ម៉ាកហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CZ-8857។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានសម្តែងល្ខោនបាសាក់នៅកន្លែងកើតហេតុ អស់រយ:ពេលមួយសប្តាហ៍មកហើយ ដែលការសម្តែងល្ខោនបាសាក់នេះ មិនមែនមានកម្មវិធីបុណ្យអ្វីនោះទេ គឺសម្តែងដើម្បីរៃអង្គាសថវិកា និងប្រាក់ឧបត្ថម្ភយកទៅផ្គត់ផ្គង់ដល់ក្រុមល្ខោនដែលខ្វះខាត។

តាមប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ បានទុកម៉ូតូនៅមុខឆាកល្ខោន ហើយកំពុងតែផាត់មុខលាបម្សៅ ដើម្បីសម្តែងជូនបងប្អូនប្រិយមិត្តទស្សនា។ លុះផាត់មុខលាបម្សៅរួចហើយ បម្រុងនឹងឡើងសម្តែង ក៏ស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួន ដែលទុកនៅមុខឆាកល្ខោន ក៏បង្កឱ្យមានការផ្អើលឆោឡោ និងផ្អាកការសម្តែងភ្លាមៗតែម្តង ដោយជនរងគ្រោះ ដើររកម៉ូតូទាំងគ្រងសម្លៀកបំពាក់ជាតួឯកល្ខោនបាសាក់ផងដែរ។

បន្ទាប់ពីដើររកម៉ូតូគ្រប់ទីកន្លែងអស់ហើយ តែមិនឃើញទើបជនរងគ្រោះ រត់ទៅប្តឹងទាំងគ្រង សម្លៀកបំពាក់ជាតួល្ខោនបាសាក់ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវ និងរកម៉ូតូដែលត្រូវជនសង្ស័យ យកទៅបាត់នោះផងដែរ ព្រោះជនរងគ្រោះកំពុងជួបបញ្ហាខ្វះខាត៕

មតិយោបល់