ព័ត៌មានជាតិ

ផ្អើលនៅខណ្ឌជ្រោយចង្វារ ជនសង្ស័យជនជាតិចិនបីបួននាក់ ចាប់ចងដៃចងជើងជនជាតិចិនគ្នាឯង ដាក់រថយន្ត សង្ស័យចង់យកទៅសម្លាប់

ភ្នំពេញៈ ជនសង្ស័យជាជនជាតិចិនមានគ្នាប្រហែល ៤នាក់ បានធ្វើសកម្មភាព ចាប់ចងដៃចងជើងជនជាតិចិនម្នាក់ រួចរឹត.ក បណ្តាលឲ្យមានរបួសស្នាមពេញដៃពេញខ្លួន ធ្វើឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះឃាត់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ៤០នាទីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខហុងដា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនមួយក្រុម មានគ្នា៣ទៅ៤នាក់ ជិះរថយន្តមួយគ្រឿង ម៉ាកកាំម៉ារីហាយប្រិត ពណ៌ស្ករ ពាក់ស្លាកលេខ
ភ្នំពេញ 2P-5587 ធ្វើដំណើរចេញមកពីម្តុំសាលាបឋមសិក្សាជ្រោយចង្វារ ពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងល្បឿនយ៉ាងលឿន ចៃដន្យអីក៏មានសមត្ថកិច្ចអន្តរាគមន៍ ដែលនៅប្រចាំការនៅគល់ដៅនោះ បានប្រទះឃើញ មានសង្ស័យធ្វើអ្នកបើករថយន្តជាជនជាតិខ្មែរភ័យពេក ក៏
បើករត់។ ភ្លាមៗនោះ សមត្ថកិច្ច បានធ្វើការកាក់រថយន្តខាងលើ ឲ្យឈប់ក៏បើកទ្វារថយន្តទៅ ទើបឃើញជនជាតិចិនម្នាក់
ត្រូវបានក្រុមជនសង្ស័យ ជាជនជាតិចិន៣នាក់ទៀត ចាប់ចងដៃ និងរឹត.ក ដោយមានស្នាមរបួសធ្ងន់ធ្ងរ ទើបកម្លាំងអន្តរាគមន៍ ធ្វើការឃាត់ខ្លួនទាំងជនរងគ្រោះ និងជនសង្ស័យ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ។

នៅចំពោះមុខសមត្ថកិច្ច ជនរងគ្រោះបានប្រាប់ថា ខ្លួនបានធ្វើការ ជាមួយក្រុមជនសង្ស័យ នៅហាងមួយកន្លែង ប៉ុន្តែគាត់មិនចង់ធ្វើទៀត ដោយសារតែចង់ត្រឡប់ទៅប្រទេសចិនវិញ ប៉ុន្តែថៅកែគាត់ ដែលជាជនសង្ស័យមិនព្រម ក៏ខឹងយកខ្សែចាប់ចងដៃចងជើង និងរិតកតែម្តង ហើយថែមទាំងនិយាយថា ចង់សម្លាប់ទៀតផង។ ចំណែកឯតៃកុងរថយន្ត ដែលជាជនជាតិខ្មែរនោះ ត្រូវបានសមត្ថកិច្ច ធ្វើការសួរនាំ និងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការខណ្ឌជ្រោយចង្វារ។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕

មតិយោបល់