ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនTPI បើកលឿនកៀររថយន្តហ្វត់រ៉េនជ័រ រួចបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ រងការខូចខាត

ភ្នំពេញៈ បុរសម្នាក់បើកបររថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចស្តុបចរាចរណ៍ ជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅកៀររថយន្តហ្វត់រ៉េនជ័រមួយគ្រឿង ដែលកំពុងឈប់ស្តុប ហើយបន្តទៅបុកខឿនសួនច្បារពុះចែកទ្រូង បណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបផ្សារដីហុយ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿង ម៉ាកហ្វតរ៉េនជ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AU-1293 រួមដំណើរពីក្រោយជាលក្ខណៈគ្រួសារបីទៅបួននាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង។

មកដល់ចំណុចស្តុបកើតហេតុ រថយន្តខាងលើក៏បានឈប់រង់ចាំស្តុបអទិភាព ដើម្បីបន្តដំណើរទៅមុនទៀត។ ប៉ុន្តែស្របគ្នានោះក៏ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍ធុនធំមួយគ្រឿងទៀតម៉ាកហ៊ីណូ ពណ៌ខៀវលាយស ជារថយន្តរបស់ក្រុមហ៊ុនTPI ពាក់ស្លាកលេខ ភ្នំពេញ5A-1592 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នាមកពីក្រោយ ជាមួយល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅកៀរខាងឆ្វេងរថយន្តហ្វត ដែលឈប់រង់ចាំស្តុបខាងលើ បណ្ដោយឲ្យរងការខូចខាតក្រពឹតមួយចំហៀងខាងឆ្វេង។ ថែមទាំងទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបែកនិងឆ្កូតបន្តិចបន្តួច ចំណែកឯរថយន្តបង្ក បានខូចខាតបែកកង់ខាងមុខចំហៀងឆ្វេងកៀរជាប់ទៅមុខលែងរួច ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

បើតាមសម្ដីពីអ្នកបើកបររថយន្តបង្ក បានឆ្លើយប្រាប់ឲ្យដឹងថា ខណៈដែលគាត់បើកមកដល់ចំណុចកើតហេតុ គឺស្រាប់តែរថយន្តជាន់ហ្វ្រាំងមិនស៊ី ហើយដោយភ័យស្លន់ស្លោខ្លាំងពេក ទើបរូបគាត់ទាញចង្កូតឲ្យទៅបុកនឹងខឿនសួនច្បារពុះចែកទ្រូងផ្លូវខាងលើ ដើម្បីកុំឱ្យបង្កគ្រោះថ្នាក់ធំជាងនេះទៅលើអ្នករួមដំណើរលើដងផ្លូវផ្សេងទៀត។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ក៏បានទាក់ទងហៅសមត្ថកិច្ចជំនាញ អោយចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សារក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់