ភ្នំពេញៈ កាលពីវេលាម៉ោង៦ ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រទះឃើញ សាកសពក្នុងសភាព ដាច់ក្បាលចេញពីដងខ្លួន នៅលើផ្លូវដែក ដោយសារត្រូវរថភ្លើងកិនស្លាប់តែម្តង ស្ថិតនៅក្នុងភូមិអង្គ សង្កាត់កន្ទោកជើង ខណ្ឌកំបូល ។
សាកសពឈ្មោះ លី លាភ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មករ យានដ្ឋានជួសជុលរថយន្ត ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។ មានប្រពន្ធឈ្មោះ យ៉េន ស៊ីយ៉ាន អាយុ ៣៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានកូនស្រីចំនួន៤នាក់ ស្នាក់នៅផ្ទះជួលភូមិកន្ទោកត្បូង សង្កាត់កន្ទោក ក្បែរកន្លែងកើតហេតុ ។
តាមប្អូនថ្លៃរបស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី២១ ខែកក្កដា ជនរងគ្រោះ រួមជាមួយសាច់ញាតិ គ្នា៣នាក់ នាំគ្នាផឹកស្រាថ្នាំ អស់កន្លះលីត្រ រួចក៏ចែកផ្លូវគ្នា ចូលសម្រាករៀងខ្លួន លុះដល់ព្រឹកឡើងថ្ងៃទី២២ នេះស្រាប់តែប្រទះឃើញ សាកសពជនរងគ្រោះ ដាច់ក្បាលដោយត្រូវរថភ្លើងកិន។
តាមប្រជាពលរដ្ឋ រស់នៅ ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីអំឡុង ម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី២២នេះ មានរថភ្លើងមួយខ្សែ បើកឆ្លងកាត់ លុះដល់ព្រឹកឡើងនេះ ស្រាប់តែប្រទះឃើញសាកសពតែម្តង ។
ខណៈដែលសមត្ថកិច្ច កំពុងចុះទៅដល់កន្លែងកើតហេតុ សាកសព មិនទាន់យកចេញពីផ្លូវដែក ស្របពេលដែល មានរថភ្លើងខ្សែដឹកទំនិញមួយខ្សែថ្មីទៀត បើកចូលទីក្រុងភ្នំពេញ ម្យ៉ាង សាកសពមិនទាន់លើកចេញ ទើបប្រជាពលរដ្ឋ សមត្ថកច្ច ស្រែកស្នើសុំឲ្យរថភ្លើងខ្សែថ្មី ឈប់ជាបណ្តោះអាសន្ន រង់ចាំលើកសពចេញសិន ។
សាកសពត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ជាមុននឹងប្រគល់ជូន ក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕
មតិយោបល់