ព័ត៌មានជាតិ

រ៉ឺម៉ក បើកលឿនបុករថយន្តដឹកស៊ីទែនប្រេងឆ្លងផ្លូវ បណ្ដាលឲ្យរងរបួស ២នាក់

ភ្នំពេញ: មនុស្ស២នាក់រងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរ៉ឺម៉ក បុកនិងរថយន្តដឹកស៊ីទែនប្រេងបត់ឆ្លងផ្លូវ រួចរ៉ឺម៉កក៏រេចង្កូតទៅបុកចូលផ្ទះលក់ ចាប់ហួយបន្តទៀត បណ្ដាលឲ្យរងការខូចខាតសម្ភារ:។

ហេតុការណ៍នេះ កើតទ្បើកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចទល់មុខផ្ទះលក់ឥវ៉ាន់ចាប់ហួយមួយកន្លែង ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

រថយន្តដែលដឹកស៊ីទែនប្រេង មិនចាំស្លាកលេខនោះទេ បើកដោយបុរសម្នាក់។ រ៉ឺម៉កជិះឌុបគ្នា ដោយយុវជន ២នាក់ រងរបួសរលាត់ដៃជើង។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តរថយន្តស៊ីទែនប្រេង បានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ធ្វើដំណើរពីជើងទៅត្បូង។ មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ទៅកើតក៏ស្រាប់តែរ៉ឺម៉កខាងលើ បើកដោយយុវជនម្នាក់ និងរួមដំណើរ ដោយយុវជនម្នាក់ទៀត ក្នុងល្បឿនយ៉ាងលឿនពីត្បូងទៅជើង តាមផ្លូវជាតិលេខ៥ ក៏ជ្រុលទៅបុករថយន្តខាងលើ បណ្តាលឲ្យមនុស្សធ្លាក់ពីរ៉ឺម៉ករលាត់ដៃជើង រីឯរ៉ឺម៉ករេចង្កូតទៅឆ្វេងដៃ បុកចូលផ្ទះលក់ឥវ៉ាន់ចាប់ហួយ រងការខូចខាតឥវ៉ាន់មួយចំនួន។

ក្រោយកើតហេតុរថយន្តបន្ដដំណើរទៅបាត់ រីឯអ្នករងរបួសទាំង២នាក់ បានដើរទៅពេទ្យព្យាបាល ហើយឥវ៉ាន់ដែលខូចខាត ត្រូវម្ចាស់ រ៉ឺម៉កដោះស្រាយ សងថ្លៃការខូចខាតបញ្ចប់រឿង៕

មតិយោបល់