ព័ត៌មានជាតិ

Update៖ ស្លុតចិត្តណាស់ កូនចៅទ្រហោយំ ឱបសពអ្នកមានគុណ ក្នុងអាម្មរណ៍ក្ដុកក្ដួល! ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ មានទាំងស្លាប់ និងរបួស….

ភ្នំពេញ: កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូកង់បី បុកនិងរថយន្ត១គ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យស្លាប់ ២នាក់ (ប្ដីប្រព្ធន) និងរបួសធ្ងន់ស្រាល ៣នាក់ ជិតនិងផ្សារប៉េសេចាស់ផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ជនរងគ្រោះឈ្មោះ លាង ហាក់ ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤៩៥ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ (ស្លាប់) និងបុរសជាប្តីឈ្មោះ ញុង គិន អាយុ៦៧ឆ្នាំ មុខរបរនៅផ្ទះ (ស្លាប់) ។ ចំណែកបុរសជាអ្នកបើកម៉ូតូកង់បី របួសធ្ងន់ រួមទាំងនារី២នាក់ទៀតរងរបួសធ្ងន់ស្រាល មិនស្គាល់អត្តសញ្ញាណ ត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។

ដោយឡែកខាងរថយន្ត ម៉ាកហាយទ្បែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV-3036 បើកបរដោយបុរស មិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញម៉ូតូកង់បីឥណ្ឌា១គ្រឿង ពណ៌លឿង ជិះគ្នាចំនួន៥នាក់ (ស្រី៣នាក់) ធ្វើដំណើរពីកើតទៅលិច តាមផ្លូវ៣៧១ ក្នុងល្បឿនយ៉ាងលឿន។ មកដល់ចំណុចកើតហេតុ បានរេចង្កូតចូលទៅចំណីផ្លូវម្ខាងទៀត ក៏ជ្រុលទៅបុករថយន្តខាងលើ បើកដោយបុរសម្នាក់ មានដឹកភ្ញៀវម្នាក់ជាជនជាតិចិន ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្តាលឲ្យកង់បីបត់ក្បាលត្រឡប់ក្រោយ ធ្វើឲ្យអ្នកជិះធ្លាក់ពីលើម៉ូតូកង់បី ដោយស្ត្រីចំណាស់ម្នាក់បានស្លាប់នៅកន្លែង ចំណែកបុរសជាប្តីរងរបួសធ្ងន់ ត្រូវបានបញ្ជួនទៅសង្គ្រោះ នៅមន្ទីរពេទ្យ តែជាអកុសល បានដាច់ខ្យល់ស្លាប់ពេលដល់ពាក់កណ្តាល់ផ្លូវ។

ចំណែកមនុស្សចំនួន៣នាក់ទៀត រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ភ្លាមៗនោះ អ្នកបើករថយន្តខាងលើ បានចុះគេចខ្លួនបាត់ស្រមោល បន្សល់ទុកភ្ញៀវស្រីម្នាក់ ដែលជាជនជាតិចិន នៅក្នុងរថយន្ត។ មួយសន្ទុះក្រោយមក ក៏ឃើញមានសាច់ញាតិកូនចៅ បានមកស្រែកទ្រហ៊ោយំ ឱបសពជនរងគ្រោះ នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅទីតាំងខាងលើ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំចាត់ការតាមនិតីវិធី៕

មតិយោបល់