ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញជាម្ចាស់គម្រោងតំបន់អភិវឌ្ឍន៍បឹងជើងឯក មិនមែនក្រុមហ៊ុនឯកជននោះទេ

ភ្នំពេញៈ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានគូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញជាម្ចាស់គម្រោងអភិវឌ្ឍន៍បឹងជើងឯក ចំណែកក្រុមហ៊ុន ING Holding គឺជាដៃគូអភិវឌ្ឍន៏ដោយគ្រប់គ្រងដី១.៣% ។ ការគូសបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងបទបង្ហាញស្តីពីលទ្ធផលនៃការដោះស្រាយផលប៉ះពាល់គម្រោងអភិវឌ្ឍន៍តំបន់ បឹងជើងឯក កាលព្រឹកថ្ងៃទី១៨ កក្កដា នៅសាលារាជធានីភ្នំពេញ។

លោកបន្តថា សាលារាជធានីភ្នំពេញទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍តំបន់នេះ តែមិនចេញលុយទេ គឺចេញគោលការណ៍, ផ្តល់ប្លង់ និងមន្ត្រីបច្ចេកទេសលើការអភិវឌ្ឍន៍ដីសម្បទាន របស់រដ្ឋនេះ។

រហូតមកដល់ពេលនេះដំណើរការអភិវឌ្ឍន៍តំបន់ជើងឯកកំពុងដំណើរការហើយ ក្រោមកិច្ចសហការពីក្រុមហ៊ុន ING Holding លើផ្ទៃដីសរុប២៥៧២ហិកតា។ តែការងារនេះ មានភាពយឺតយ៉ាវដោយសារខ្វះការចូលរួមបរិច្ចាកពីអ្នកដែលមានដីនៅតំបន់នេះ ក្នុងនោៈ ក៏មានប៉ះទៅលើបុរីមួយកន្លែងផងដែរ។ ចំណែកប្រជាពលរដ្ឋមួយចំនួននៅមិនបានសហ ការជាមួយក្រុមការងារចុះវាស់វែងស្រង់ទិន្នន័យក្បាលដីឲ្យបានច្បាស់លាស់នៅឡើយ។

លោកអភិបាលមានប្រសាសន៍បន្តថា នៅមានការងារជាច្រើនទៀតដែលត្រូវជំរុញការងារអភិវឌ្ឍន៍ឲ្យបានសម្រេចជោគជ័យរួមមានការចាក់ដីបំពេញ, ការស្ថាបនាផ្លូវដែលមានរហូតដល់៦១ខ្សែទាំងតូចទាំងធំ ដែលចាំបាច់ ត្រូវមានការចូលរួមបរិច្ចាគពីម្ចាស់ដីនៅទីនេះ ដែល ដើមឡើយជាដីបឹងជាដីសាធារណៈរបស់រដ្ឋ។ ការបរិច្ចាគរបស់ប្រជាពលរដ្ឋ គឺសម្រាប់កសាងផ្លូវ,ប្រព័ន្ធលូ, អាងស្តុកទឹកការចាក់ដីបំពេញ,សំណង់អគារសាធារណៈសាលារៀន, មន្ទីរពេទ្យជាដើម និងសូមឲ្យបងប្អូនប្រជាពលរដ្ឋយកឯកសារពាក់ព័ន្ធ និងដី ដែលខ្លួនកាន់កាប់មក បង្ហាញដល់ក្រុមការងារបច្ចេកទេស ដើម្បីក្តាប់បានទិន្នន័យពិតប្រាកដ។ ក្រុមការងារបច្ចេកទេសក៏ត្រូវចលនាប្រជាពលរដ្ឋដែលមិនស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ឲ្យមកធ្វើប័ណ្ណ កម្មសិទ្ធិស្របច្បាប់កុំបង្កក់ ឬបង្កឲ្យមានសំណង់មិនរៀបរយតទៅទៀត។

យើងត្រូវយកបញ្ហាដែលស្មុគស្មាញមកដាក់លើតុ ដើម្បីធ្វើការជាមួយគ្នា ទាំងប្រជាពលរដ្ឋ ទាំងក្រុមហ៊ុន និងក្រុមការងារទាំងអស់ ទៅតាមតួនាទី-ភារកិច្ចរបស់អនុគណកម្មការនីមួយៗ ទើបទីក្រុងដ៏ទំនើបនេះ អាចលេចមុខមាត់បានឆាប់រហ័សនេះ។

លោកឧកញ៉ា អ៊ឹង ប៊ុនហូវ នាយកក្រុមហ៊ុន ING Holding ក្នុងឱកាសនោះបានលើកសំណើសុំឲ្យអាជ្ញាធរក្រុងភ្នំពេញ, មន្ទីរជំនាញជួយពន្លឿនការងារដោះស្រាយផលប៉ះពាល់ ដើម្បីជំរុញការងារស្ថាបនា ផ្លូវឲ្យបានលឿនដែលក្នុងនោះមានផ្ទៃដីចំនួន៣៥% នៃផ្ទៃដីសរុប២៥៧២ហិកតា គឺសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍ជើងឯកនេះ៕

មតិយោបល់