ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបមួយគ្រឿង បើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញៈ បុរសនារីបីនាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន ដោយព្យាយាមវ៉ាជែង មិនប្រយ័ត្ន ខណៈមកដល់ចំណុចផ្លូវកោង ក៏បានជ្រុលចង្កូតទៅបុក នឹងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡប់ផ្ងារជើង ទៅផ្លូវម្ខាងទៀត ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសទេ។

ហេតុការណ៍នេះ បានបង្កនូវការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខផ្សារហេងលី ស្ថិតតាមបណ្ដោយផ្លូវ271 ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្ក ម៉ាក SONYONGREXTON ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BD-1151 បើកបរ និងរួមដំណើរ ដោយបុរសពីរនាក់ និងនារីម្នាក់ តាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីស្ពានអាកាស៧មករា ឆ្ពោះទៅស្តុបណូគា ជាមួយល្បឿនយ៉ាងលឿន។

លុះមកដល់ចំណុចកើតហេតុ ដែលផ្លូវមានស្ថានភាពកោង ខណៈដែលរថយន្តបង្ក បានព្យាយាមបើកវ៉ាជែងខាងឆ្វេង រថយន្តមួយគ្រឿងទៀត មិនចាំម៉ាក មិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកនិងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កហោះឆ្លងទៅផ្លូវម្ខាងទៀត ក្រឡាប់ផ្ងារជើងទ្រមេឃ រងការខូចខាត ដាច់ក្រឡេកង់ខាងមុខចំហៀងខាងស្តាំ ចំណែកឯក្បាលព្រួញពុះចែកទ្រូងផ្លូវ បានរងការខូចខាតបែកឆ្កូតបន្តិចបន្តួច។

ភ្លាមៗនោះអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្ដបង្ក ក៏បានលូនចេញពីក្នុងរថយន្ត ដោយពុំបាននរងរបួសអ្វីនោះទេ រួចក៏នាំគ្នាចាកចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានធ្វើការរាយការណ៍ជូនសមត្ថកិច្ចជំនាញ អោយចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ជាបន្តទៀតនៅពេលក្រោយ៕

មតិយោបល់