ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុន ហ្សតធីអូ អ៊ិចប្រេស បើកបុកបុរសម្នាក់ស្លាប់យ៉ាងរន្ធត់

ព្រះសីហនុ: នៅវេលាម៉ោង២ និង០៥ នាទីយប់រំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៥-១៩៦ ស្ថិតនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។

ម៉ូតូ ០១គ្រឿង ម៉ាក HONDA-DREAM ពណ៌ខ្មៅ មិនមានស្លាកលេខ បើកបរដោយឈ្មោះ ឌុល ម៉ាន់ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិដូនលយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើដំណើរពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ ។

លុះមកដល់ចំណុចខាងលើ ម៉ូតូបានបត់ឆ្វេង ស្របពេលក៏មានរថយន្ត ០១គ្រឿង ម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3E-4122 របស់ក្រុមហ៊ុន ហ្សតធីអូ អ៊ិចប្រេស ធ្វើដំណើរស្របទិសគ្នា អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានបុកតែម្តង ដោយភ្លាមនោះ អ្នកបើករថយន្ត បានចុះរត់គេចខ្លួនបាត់។

ជនរងគ្រោះឈ្មោះ ឌុល ម៉ាន់ អ្នកបើកបរម៉ូតូ HONDA-DREAM ស្លាប់នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្នសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី
រីឯវត្ថុតាងរថយន្ត និងម៉ូតូយកមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

មតិយោបល់