ភ្នំពេញៈ នៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ មានករណីបុរសម្នាក់ មិនឃើញចេញពីបន្ទប់បួនប្រាំថ្ងៃ ត្រូវគេប្រទះឃើញចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់ ហើយសាកសពមានសភាពហើមស្អុយ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ក្នុងបរិវេណបន្ទប់ជួល ស្ថិតនៅភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ អ៊ុំ ចំរើន អាយុ៤០ឆ្នាំ មុខរបរលើកអីវ៉ាន់ អាសយដ្ឋាន ផ្ទះលេខ១០២អឺ៣ ផ្លូវ២១៧ ភូមិ១ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ សព្វថ្ងៃរស់នៅបន្ទប់ជួល ទីតាំងកន្លែងកើតហេតុ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះខាងលើ បានមកជួលបន្ទប់ស្នាក់នៅប្រហែល ២ខែមកហើយ មុនថ្ងៃកើតហេតុប្រហែលជាបីបួនថ្ងៃ ដោយមិនឃើញជនរងគ្រោះចេញមកក្រៅឡើយ ទើបមកដល់ព្រឹកថ្ងៃកើតហេតុ ក៏អ្នកមើលការខុសត្រូវបរិវេណបន្ទប់ជួលខាងលើ ទៅហៅស្រាប់តែទ្វារខ្ទាស់គន្លឹះជាប់ពីខាងក្នុង រួចហើយគ្មានសំឡេងឆ្លើយតប នឹងឃើញមានក្រមាចងនៅជាប់និងចង្រឹងបង្អួច ក៏មានការសង្ស័យក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យជាក់ស្ដែងតែម្ដង ។
បន្ទាប់ពីការចុះពិនិត្យជាក់ស្ដែងរួច និងបើកបង្អួចមើល ស្រាប់តែឃើញជនរងគ្រោះចងកសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ ដោយមានសភាពហើមស្អុយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានរាយការណ៍ទៅផ្នែកកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែងនៅទីតាំងកន្លែងកើតហេតុ និងស្វែងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់