ព័ត៌មានជាតិ

គេងចុចទូរស័ព្ទ ទន់ភ្នែកលង់លក់ជ្រុល ចោរលួចម៉ូតូទៅបាត់

ភ្នំពេញ: បុរស-ស្ត្រីវ័យក្មេង២នាក់ប្តីប្រពន្ធ រត់ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ប៉ូលិសទាំងព្រឹក បន្ទាប់ពីមានជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូស៊ុយហ្ស៊ុយគី លេត របស់ខ្លួនទៅបាត់ ដោយសុវត្តិភាព ខណ:ដែលខ្លួនរួមជាមួយភរិយា គេងកើយចុចទូរស័ព្ទ ទន់ភ្នែកជ្រុលលង់លក់ ទាំងមិនបានបិទទ្វារបន្ទប់ កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ដឹងខ្លួន នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ពុទ្ធោ ! បាត់ទៅហើយម៉ូតូ បានផ្អើលឆោឡោពេញផ្ទះជួល ស្ថិតនៅភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បាននាំគ្នារត់ទៅប្តឹងប៉ូលិស ។

ជនរងគ្រោះឈ្មោះ យស សុខវណ្ណាត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅចំណុចកើតហេតុ មានស្រុកកំណើត នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំណែកម៉ូតូដែលជនសង្ស័យ លួចយកទៅបាត់ ត្រូវបានជនរងគ្រោះអះអាងថា ម៉ាក ស៊ុយហ្សុយគី លេត ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ កណ្តាល 1T-4670 ។

តាមសម្តីជនរងគ្រោះ ខណ:ដែលមានវត្តមាន មកដល់ប៉ុស្តិ៍នគរបាលចមចៅ៣ រួមជាមួយភរិយា បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែកក្កដា គាត់ទាំង២នាក់ គេងកើយ ចុចទូរស័ព្ទលេង រហូតទន់ភ្នែកជ្រុល ក៏លង់លក់ ទាំង២នាក់បាត់ទៅ ទាំងមិនបានបិទទ្វារបន្ទប់ លុះរហូតដល់ព្រឹកឡើងថ្ងៃទី២៣ នេះ ភ្ញាក់ដឹងខ្លួន ទើបដឹងថាអុញ ម៉ូតូជនសង្ស័យ លួចយកទៅបាត់ ទាំងកូនសោនៅជាប់ម៉ូតូហើយជាស្រេច ទើបឆោឡោ មានតែនាំគ្នារត់ទៅប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវ៕

មតិយោបល់