ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស

ភ្នំពេញៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១ និង០០នាទី មានករណីប្រើកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស នៅចំណុចដីឡូត៍ចំការផ្កាម្លិះ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បង្កដោយជនសង្ស័យឈ្មោះខាត់ ឌួក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាំចំការ ស្នាក់នៅភូមិកើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះយាំ សេងលី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាំចំការ ស្នាក់នៅភូមិកើតហេតុ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះប្រើកូនទិញស្រាផឹក តែកូនមិនព្រមទៅ ទើបជនរងគ្រោះក៏វាយកូន រួចប្រពន្ធចូលទៅឃាត់ ស្រាប់តែជនរងគ្រោះយកដំបងឬស្សីវាយប្រពន្ធ ត្រូវចំត្រគៀកខាងឆ្វេងដួលទៅលើដី រួចជនសង្ស័យត្រូវប្អូនថ្លៃជនរងគ្រោះ សួរថាម៉េចបងឯងវាយប្រពន្ធកូនគ្មានហេតុផលចឹង? ពេលនោះជនរងគ្រោះ ក៏យកកូនកាំបិតរត់ទៅចាក់ជនសង្ស័យតែមិនត្រូវ រួចជនសង្ស័យក៏យកកាំបិតប៉័ងតោកាប់ជនរងគ្រោះ ត្រូវចំសៀតថ្កាខាងឆ្វេង និងកដៃខាងឆ្វេងបណ្តាលឲ្យរបួស រួចជនសង្ស័យក៏ដើរគេចចេញ យកកាំបិតប៉័ងតោចោលក្នុងព្រៃបាត់។
ក្រោយកើតហេតុសមត្ថកិច្ច ចុះទៅដល់ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះ សមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ៕

 

មតិយោបល់