ភ្នំពេញៈ ក្រោយពីបើកសវនាការជាសាធារណៈកាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧កន្លងទៅនោះ លោក សេង លៀង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ចាន់ វិចិត្រ ជាអតីត ឌីជេ នៅក្លឹបទ្រូប៉េស មានស្រុកកំណើតភូមិកន្តៀង ឃុំកន្តៀង ស្រុកកន្តៀង ខេត្តពោធិ៍សាត់ ដាក់ពន្ធនាគារកំណត់រយៈពេល៦ឆ្នាំ ដោយគ្មានពិន័យអ្វីឡើយពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការកាលពីពេលកន្លងទៅជនជាប់ចោទឈ្មោះ ចាន់ វិចិត្រ បានសារភាពថា រូបគេពិតជាបានលក់គ្រឿងញៀននៅក្នុងក្លឹបដែលគេធ្វើការមែន ដើម្បីឱ្យភ្ញៀវប្រើប្រាស់។ ជនជាប់ចោទបន្តថា រូបគេទិញគ្រឿងញៀនទាំងអស់នោះពីមិត្តភក្តិ ជា ឌីជេ ដូចគ្នាធ្វើការនៅក្នុងក្លឹបកាហ្សា ក្បែរវត្តភ្នំ។
គួររំលឹកថា ជនជាប់ចោទ និងសង្សារ (ត្រូវបានដោះលែងវិញ) ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច Apartment លេខ៣៧Z ផ្លូវ២៦១Z ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ ១. រថយន្ត Lexus GS300 ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-5515 ២. ម៉ូតូម៉ាក XR មួយគ្រឿង ៣. អាវុធខ្លីចំនួន២ដើម (ម៉ាកCZ និងម៉ាក SIR Saver និង៣៤គ្រាប់) ៤. ម្សៅពណ៌ស ក្រាមពណ៌ស ម្សៅពណ៌ក្រហម ម្សៅពណ៌ប្រផេះ ទឹកថ្នាំពណ៌ក្រហម គ្រាប់ថ្នាំពណ៌លឿង ថ្នាំពណ៌ឈាមជ្រូក ថ្នាំពណ៌ផ្កាឈូក ថ្នាំពណ៌ប្រផេះ ថ្នាំពណ៌ខៀវ ថ្នាំពណ៌លឿងខ្ចី ថ្នាំពណ៌បៃតងខ្ចី ថ្នាំពណ៌បៃតងចាស់ ថ្នាំពណ៌ក្រហម (សរុបថ្នាំគ្រាប់ទាំងអស់ចំនួន ៦២.៥គ្រាប់) រុក្ខជាតិញៀនក្រៀម និងសម្ភារៈសម្រាក់ជក់ ចូក កិន គ្រឿងញៀនជាច្រើនទៀត៕
https://youtu.be/MrPRphRZkk8
មតិយោបល់