ព័ត៌មានជាតិ

ជិះម៉ូតូទៅចូលលួចដោះយកគ្រឿងរថយន្ត សមត្ថកិច្ចចាប់ខ្លួនបានម្នាក់រត់គេច៣នាក់

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាក់ស្តែង ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីជនសង្ស័យនាំគ្នាផ្លោះរបងចូលទៅលួចដោះយកគ្រឿងរថយន្តក្នុងយានដ្ឋាន ខណ:ដែលម្ចាស់ចាក់សោរ មិននៅផ្ទះ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅយានដ្ឋានជួសជុលរថយន្តមួយកន្លែង ក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

ជនសង្ស័យឃាត់ខ្លួនបាន ឈ្មោះ ស្នា វណ្ណ: ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ ត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល ។ សមត្ថកិច្ច ដកហូតបាន គ្រឿងរថយន្ត ដែលជនសង្ស័យ ដោះរួច និងម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-0792 ជាមធ្យោបាយរបស់ជនសង្ស័យ ។ ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនឃាត់ខ្លួន បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ជុំវិញសភាពការណ៍ក្នុងមូលដ្ឋាន កម្លាំងសមត្ថកិច្ចចុះទៅ ជនសង្ស័យ៣នាក់ រត់គេចខ្លួន សល់ជនសង្ស័យម្នាក់ កំពុងនៅក្នុងយានដ្ឋាន ដែលម្ចាស់ចាក់សោរទុកចោល សមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាង ម៉ូតូមួយគ្រឿងនាំយកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌចាត់ការបន្តតាមនីតិវិធី ៕

 

មតិយោបល់