ព័ត៌មានជាតិ

បើករថយន្តគេចម៉ូតូ ជ្រុលទៅបុករថយន្តដឹកដូងពីក្រោយ បណ្តាលឲ្យបុរសម្នាក់បាក់ជើង

ភ្នំពេញ: បុរសម្នាក់ បើករថយន្តបាលែនមួយគ្រឿងបោះពួយយ៉ាងលឿន ហើយបានគេចពីម៉ូតូមួយគ្រឿង ដែលបើកបញ្ច្រាសទិសគ្នា មិនប្រយ័ត្នក៏ជ្រុលទៅបុកគូទរថយន្តកូរ៉េដឹកផ្លែដូង កំពុងឈប់ចតទម្លាក់ដូងឲ្យម៉ូយ នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យបុរសម្នាក់បានរងរបួសបាក់ជើង ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលើហាងលក់គ្រឿងសមុទ្រយីហោអយស្ទ័ររីករាយ៣ ស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានរៀបប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាម័រីបាលែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AJ-8136 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ១៩៨៦ក្នុងទិសដៅពីកើតទៅលិចនិង ក្នុងល្បឿនយ៉ាងលឿន។

មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាកដែលបើក ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ដោយបើករេឆ្លងចូលមកកន្លងរបស់រថយន្ដបង្ក។ ខណ:ពេលនោះរថយន្តបង្ក ក៏បានកាច់ចង្កូតទៅខាងឆ្វេងគេចពីម៉ូតូ ឆ្លងចូលបញ្ច្រាសផ្លូវជ្រុលទៅបុកពីក្រោយ រថយន្តកូរ៉េដឹកផ្លែដូងមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយបៃតង ពាក់ស្លាកលេខ កំពត3A-0646 ដែលកំពុងឈប់ចតទម្លាក់ផ្លែដូងនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យបុរសជាព្រូម្នាក់ ដែលកំពុងឈរទម្លាក់ផ្លែដូងនៅខាងក្រោយរថយន្ត រងរបួសបាក់ជើងខាងស្តាំ។ ចំណែកឯរថយន្តកូរ៉េ បានរងការខូចខាតវៀចកាងជាន់ខាងក្រោយ រីឯរថយន្តបង្ករងការខូចខាតក្រពឹត ផ្នែកខាងមុខ យ៉ាងដំណំទៅមុខលែងរួច។បន្ទាប់មកបុរសរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនសម្ភពពន្លឺ ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ បន្ទាប់មកដំណាងភាគីទាំងពីរ ក៏បានចរចាសម្របសម្រួលគ្នា ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ភាគីខាងរថយន្តបង្ក ក៏ព្រមយករថយន្តរងគ្រោះទៅជួសជុលឲ្យឡើងវិញ និងចេញថ្លៃព្យាបាលរបួស ឲ្យទៅភាគីខាងរថយន្តរងគ្រោះ ដើម្បីបញ្ចប់រឿង៕

មតិយោបល់