ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ខេម ត្រូវគេអះអាងថា មានមន្ត្រីអង្គរក្សម្នាក់ ដោះស្រាយក្ដី

ភ្នំពេញ: ប្រភពមួយថ្មីដែល Post News ទើបទទួលបានអះអាងថា តារាចម្រៀង ខេម ត្រូវបានមន្ត្រីអង្គរក្ស ដែលមានឥទ្ធិពលម្នាក់ និងមានទំនាក់ទំនងស្និទ្ធិ ជាមួយតារាចម្រៀង ខេម តាំងពីមុនមានរឿង ជាអ្នកជួយអន្តរាគមន៍ ទើបគេឃើញមន្ត្រីប៉ូលិសគ្រប់ផ្នែក បានបង្វែងការអះអាងថា តារាចម្រៀងខេម មិនទាន់ប្រាកដថាជាអ្នកបញ្ជាចង្កូតរថយន្ត។

មន្ត្រីអង្គរក្សរូបនេះ ត្រូវគេអះអាងថា គឺជាអ្នកចេញមុខក្នុងកិច្ចសម្រុះសម្រួលជាមួយ ក្រុមគ្រួសាររបស់ជនរងគ្រោះនោះផង។ ប្រភពដែលគួរទុកចិត្តបានអះអាងថា មន្ត្រីអង្គរក្សម្នាក់នោះ បម្រើការនៅបន្ទាយអង្គរក្សក្នុងខេត្តកណ្ដាល គឺជាអ្នកចេញមុខចំពោះរឿងក្ដីលោក ខេម ដើម្បីអន្តរាគមន៍កុំឲ្យតារាចម្រៀង ខេម ប្រឈមផ្លូវច្បាប់ ដែលត្រូវគេប៉ាន់ស្មានថា នឹងជាប់គុកមិនក្រោម២ឆ្នាំ ក្នុងករណីដែលក្រុមគ្រួសារ ខាងជនរងគ្រោះដាក់ពាក្យបណ្ដឹង។

ប្រភពដដែលបញ្ជាក់ថា គ្រួសារខាងជនរងគ្រោះ នឹងជៀសពីការទទួលយកដំណោះស្រាយមិនរួចនោះទេ បន្ទាប់ពីមន្ត្រីប៉ូលិស ដែលធ្វើឯកសារលើការប៉ះរថយន្តនោះ ក៏ហាក់ជំរុញឲ្យមានការសម្រុះសម្រួល ច្រើនជាងជំរុញឲ្យភាគីខាងជនរងគ្រោះដាក់ប្ដឹង។ អញ្ចឹងហើយទើបជាមូលហេតុដែលនាំឲ្យមន្ត្រីប៉ូលិសគ្រប់ផ្នែក មិនហ៊ានបញ្ចេញទិន្នន័យ ក្រោយពីបានអូសរថយន្តទៅទុក នៅការិយាល័យនគរបាលផ្លូវគោក ដែលផ្ទុយគ្នាទាំងស្រុង និងទិន្នន័យផ្ដល់ភ្លាមៗក្នុងពេលកើតហេតុ។

លោក ទៀង ច័ន្ទសារ អធិការខណ្ឌឫស្សីកែវ នៅតែអះអាងថា លោក ខេម មិនទាន់ត្រូវបានកំណត់ថា ជាអ្នកបើករថយន្តនោះនៅឡើយទេ ដោយសារតែគ្មានភស្ដុតាង បញ្ជាក់ក្រៅពីការអះអាង របស់អ្នកឃើញហេតុការណ៍។ លោកថា ខាងប៉ូលិសបន្តការស៊ើបអង្កេត និងថាម្ចាស់រថយន្តដែលបានប៉ូលិសរកឃើញ គឺមិនមែនឈ្មោះលោក ខេម នោះឡើយ។ មិនខុសគ្នាដែរ លោក ហេង ចាន់ធារី ស្នងការរងទទួលបន្ទុកការិយាល័យចរាចរណ៍ផ្លូវគោក ក៏បានលាក់បាំង ពីអត្តសញ្ញារបស់អ្នកបើករថយន្តផងដែរ ដោយលោកបញ្ជាក់ថា អ្នកជំនាញបានរកឃើញថាអ្នកបើករថយន្ត នៅមិនទាន់ប្រាកដមួយរយភាគរយថា ជាតារាចម្រៀង ខេម នោះទេ។

ចម្លើយរបស់មន្ត្រីទាំងពីរ មានភាពផ្ទុយស្រឡះទាំងស្រុង ពីការបំភ្លឺរបស់អ្នកឃើញហេតុការ និងខុសគ្នាដាច់ស្រឡះ ជាមួយចម្លើយរបស់លោក លី ម៉ាត់លី បងប្រុសរបស់អ្នកស្លាប់ និងចុងក្រោយ គឺខុសទាំងស្រុង និងចម្លើយសារភាពរបស់លោក ខេម។

មានការប៉ាន់ស្មានថា ចម្លើយបង្វែងដាន របស់មន្ត្រីប៉ូលិស គឺដើម្បីការពារមុខមាត់របស់តារាចម្រៀង ខេម ដែលប្រភពដែលបានទម្លាយចេញចុងក្រោយបានអះអាងថា នោះគឺបន្ទាប់ពីមានបទអន្តរាគមន៍ របស់មន្ត្រីអង្គរក្សរូបនោះ។ តារាចម្រៀង ខេម មិនអាចសុំការបកស្រាយលើករណីនេះឡើយ។ យ៉ាងណាមិញ មានការបញ្ជាក់ថា មន្ត្រីអង្គរក្សដែលចេញមុខជួយអន្តរាគមន៍ និងគ្រោងដើរតួជា អ្នកសម្រុះសម្រួល ជាមួយគ្រួសារជនរងគ្រោះផងនោះ មិនឲ្យលោក ខេម ប្រកែករឿង មិនស្ថិតនៅក្នុងហេតុការណ៍នោះទេ ដោយលោកគ្រាន់តែ ជួយជំរុញកុំឲ្យមានការកសាងសំណុំរឿង ឡើងទៅដល់តុលាការ និងធ្វើឲ្យកិច្ចសម្រុះសម្រួល ជាមួយក្រុមគ្រួសារ របស់ជនរងគ្រោះប៉ុណ្ណោះ។ ឆ្លើយតប និងករណីនេះ លោក លី ម៉ាត់លី បានអះអាងថា បើទោះជាមាននបុគ្គលមានឥទ្ធិពល ធ្វើអន្តរាគមន៍យ៉ាងណាក៏ដោយ ក៏លោកមិនទទួលយកការសម្រុះសម្រួលនោះដែរ ប្រសិនបើការដោះស្រាយមិនសមនឹងការទទួលយក៕

photo_2016-05-20_08-46-11 photo_2016-05-20_08-46-12 (2) photo_2016-05-20_08-46-13 photo_2016-05-20_08-46-16 photo_2016-05-20_08-46-17 (2) photo_2016-05-20_08-46-17 photo_2016-05-20_08-46-18photo_2016-05-20_08-46-14 (2)

មតិយោបល់