បន្ទាយមានជ័យៈ លោកវរសេនីយ៍ឯក ចាប សុផារឹទ្ធិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានឲ្យអង្គភាព Post News ដឹងថា កម្លាំងល្បាតរបស់នគរបាលក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួនយុវជនពីរនាក់ បន្ទាប់ពីសង្ស័យថា ពាក់ព័ន្ធជាមួយការប្រើប្រាស់ និងជួញដូរថ្នាំញៀន។ ការឃាត់ខ្លួនបានធ្វើឡើងនៅចំនុចមុខរោងចក្រហាតឌីស ស្ថិតក្នុងភូមិនិងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ ធឹម តឿន ភេទប្រុស អាយុ ៣០ឆ្នាំមុខរបរ អ្នករត់ឌុបនិងលក់ម៉ូតូ រស់នៅភូមិគោករកាឃុំ រៀមអណ្តើក ស្រុកគីរីវង្សខេត្តតាកែវ។ទី២-ឈ្មោះ បឿន រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិនិងឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួនពីរថង់ លាក់ទុកក្នុងកាបូប។ ជាមួយនោះដែរ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនទៀតរួមមាន៖ កាំបិតបីដើម សំភារជក់មួយចំនួនទៀយ។
លោកវរសេនីយ៍ឯក ចាប សុផារឹទ្ធិ បានបន្តថា កម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងទៅកាន់តុលាការរួចហើយនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ៕
មតិយោបល់