សៀមរាបៈ កាលពីវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ មានជនបរទេសម្នាក់ បានស្លាប់នៅមន្ទីរពេទ្យរស្មីអង្គរ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ជនរងគ្រោះមានឈ្មោះ LIU HUAXIANG ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិ ចិន ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប តាមរយៈក្រុមហ៊ុនទេសចរណ៍ ឆាងយ៉ុង ស្នាក់នៅសណ្ឋាគារ ៧ Happy Night ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ជនរងគ្រោះបានរងរបួស ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (ក្រឡាប់រថយន្ត) នៅចំណុចផ្លូវចុះពីភ្នំគូលែន ហើយត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យរស្មីអង្គរ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។
ផ្អែកតាមការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារគ្រាំក្នុង (ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍)។
បច្ចុប្បន្នសាកសពជនរងគ្រោះ កំពុងរៀបចំបញ្ជូនទៅបូជា នៅឈាបនដ្ឋានវត្តគោកចក៕
មតិយោបល់