ព័ត៌មានជាតិ

ឆក់បានវាគ្រាន់ ដល់ពេលគេចាប់បាន វាក្រែលចឹងឯង

កណ្តាលៈ កាលពីវេលាម៉ោង ៧ និង៤០ នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ មានករណីអំពើលួច (ឆក់ទូរស័ព្ទ) ត្រង់ចំណុចមុខសាលាគរុកោសល្យភូមិភាគ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះអ៊ុក ចាន់ណាក់ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងអ៊ុតសក់។ ជនសង្ស័យ០២នាក់៖ ១-ឈ្មោះយ៉ាន់ ថាវ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រះពន្លា សង្កាតព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) និង២ ឈ្មោះ លាភ (គេចខ្លួន) ។

សម្ភារបាត់បង់៖
-ទូរស័ព្ទដៃ១គ្រឿង ម៉ាក iphone x ពណ៌ស ។
វត្ថុតាងចាប់យក៖
-ទូរស័ព្ទដៃ២គ្រឿង (ម៉ាកiPhone7ពណ៌ខ្មៅ និងម៉ាក NOKIA ចុចពិលពណ៌ខ្មៅ) របស់ជនសង្ស័យ
-កូនកាបូបស្ពាយពណ៌ខ្មៅ០១ (របស់ជនសង្ស័យ)
-នាឡិកាដៃ១គ្រឿង(របស់ជនសង្ស័យ)
-មួកក្រណាត់ចំនួន១(របស់ជនសង្ស័យ) ។

មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ុតូជាមួយប្តីរបស់ខ្លួន ក្នុងគោលបំណងមកមើលការប្រគុំតន្រ្តី និងតាំងពិព័រណ៌នៅសួនច្បារមាត់ទន្លេតាខ្មៅ លុះជិះមកដល់ចំណុចកើត
ហេតុ ជនរងគ្រោះកំពុងចុចទូរស័ព្ទលេង ពេលនោះស្រាប់តែជនសង្ស័យ ជិះម៉ូតូម៉ាកសង់ ពណ៌ខ្មៅ មិនចាំស៊េរី និងស្លាកលេខ មកដល់ទន្ទឹមខាងស្តាំដៃ ធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះ ហើយជិះគេចខ្លួន។

ភ្លាមនោះ ជនរងគ្រោះបានជិះម៉ូតូដេញតាមរហូតដល់ស្តុប១១០ ម៉ូតូរបស់ជនសង្ស័យ បានប៉ះដៃចង្កូតជាមួយអ្នកធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យរេចង្កូតចង់ដួល ទើបជនសង្ស័យឈ្មោះ យ៉ាន់ ថា វ៉ាត់ លោតចុះពីលើម៉ូតូ ត្រូវបានជនរងគ្រោះ និងប្រជាជនចាប់វាយ និងឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ដើម្បីធ្វើការសាកសួរ ចំណែកឯបក្ខពួកជនសង្ស័យម្នាក់ទៀត ឈ្មោះ លាភ បានជិះម៉ូតូគេចខ្លួនបាត់តែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួននិង បក្ខពួកពិតជាបានរួមគំនិតគ្នា ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ជនរងគ្រោះប្រាកដមែន ។

ករណីនេះ កម្លាំងជំនាញ កំពុងសាកសួរបន្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់