ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ធ្វើសកម្មភាព គាស់ទ្វារតូបអ្នកលក់ដូរមួយកន្លែង លួចយកស្រាបៀរ៣០កេស និងធុងបាស់១ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់

កណ្តាលៈ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៣ និង២០នាទីទៀបភ្លឺ មានករណីអំពើលួច ស្រាបៀ និងធុងបាស់ បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ ធ្វើសកម្មភាពគាស់តូបអ្នកលក់ដូរមួយកន្លែង នៅត្រង់ចំណុចភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះម្នាក់៖ ឈ្មោះ វង្ស សីលា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ០៣នាក់ប្រុស៖ ១-ឈ្មោះ សាំង សុផាត ហៅស៊ីមពី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ ២-ឈ្មោះ សុខ ម៉េង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ ៣-ឈ្មោះ តូនី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន) ។

សម្ភារៈបាត់បង់៖ -ធុងបាស់ម៉ាក BooM ចំនួនមួយ ពណ៌ខ្មៅ ។ -ស្រាបៀចំនួន០៦កេស ក្នុងនោះមានស្រាបៀ GANZBERG ចំនួន០៤កេសនិងស្រាបៀ CAMBODIA ចំនួន០២កេស ។

វត្ថុតាងចាប់យករួមមាន៖ -ធុងបាស់ម៉ាកBooM ចំនួនមួយ ពណ៌ខ្មៅ ។ -ស្រាបៀចំនួន០៦កេះ ក្នុងនោះមានស្រាបៀGANZBERG ចំនួន០៤កេះ និងស្រាបៀ CAMBODIA ចំនួន០២កេះ (យកបានមកវិញ) ។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជួលតូបនៅចំណុចកើតហេតុខាងលើ ដើម្បីដាក់លក់ភេសជ្ជៈគ្រប់មុខ ។ ដោយសារមានជំងឺកូវីដ១៩កើនឡើងច្រើនពេក ជនរងគ្រោះបានបិទតូបខានលក់មួយរយៈពេលសិន ។ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៩និង៤០នាទី ជនរងគ្រោះបានជិះមូតូទៅមើលតូប ស្រាប់តែឃើញទ្វារតូបចំហ ទើបចូលមើលក៏ឃើញមានបាត់ ស្រាបៀចំនួន៣០កេស និងធុងបាស់ម៉ាក BooM ចំនួន០១ បន្ទាប់មកទើបជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចប៉ុស្ដិ៍ ។

ក្រោយពីទទួលពាក្យបណ្ដឹងរួចហើយ កម្លាំងប៉ុស្ដិ៍ពើក និងកម្លាំងជំនាញ ចុះស្រាវជ្រាវស្វែងរកមុខសញ្ញា រហូតដល់ថ្ងៃទី២៧ ខែឆ្នាំដដែល ទើបកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីរនាក់ រួមនឹងវត្ថុតាងបាន ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សាំង សុផាត បានសារភាពថា ខ្លួននិងបក្ខពួកបានធ្វើសកម្មភាព គាស់ទ្វារតូបរបស់ជនរងគ្រោះ ហើយលួចបានស្រាបៀចំនួន៣០កេស និងធុងបាស់ចំនួនមួយ ពេលលួចបានហើយខ្លួនយកទៅលក់ខ្លះ ដើម្បីបានលុយទិញថ្នាំញៀនជក់ ។

ចំពោះជនសង្ស័យ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន នៅក្នុងមូលដ្ឋាន មាននៅក្នុងបញ្ជីគ្រប់គ្រង ។ ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់