ព័ត៌មានជាតិ

បុរសអ្នកបើកបរម៉ូតូកង់បីម្នាក់ ដេកស្លាប់លើអង្រឹង បង្កការភ្ញាក់ផ្អើល

ភ្នំពេញ: បុរសជាអ្នកបើកបរម៉ូតូកង់បីម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងអង្រឹង សង្ស័យខ្យល់គ បង្កឲ្យភ្ញាក់ផ្អើល កាលពីម៉ោង០៦និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅក្រុម២ ភូមិCPC សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។

សពឈ្មោះ ង៉ន់ ម ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ ជួយមើលថែ ធ្វើអនាម័យនៅកន្លែងកើតហេតុ ឆ្លៀតទំនេររត់ម៉ូតូកង់បី មានស្រុកកំណើតភូមិអាងខ្ចៅ ឃុំពែង ស្រុកគិរីវង់ ខេត្តតាកែវ ។

ប្រភពពីបុរសអ្នកបើកកង់បី ប្រាប់សមត្ថកិច្ចថា ព្រឹកមុនកើតហេតុ គាត់បានមកយករ៉ឺម៉កកង់បី ដែលទុកក្នុងបរិវេណស្នាក់ការ គណ:បក្សប្រជាជនសង្កាត់ទឹកថ្លា ខណ:មកដល់មិនឃើញជនរងគ្រោះដូចសព្វដង ក៏ដើរចូលមកមើលឃើញ ទ្វារស្នាក់ការបិទ គាត់ក៏អើតមើលតាមបង្អូច ស្រាប់តែឃើញបុរសខាងលើ ដេកលើអង្រឹង ដោយធ្លាក់ជើងផ្នែកខាងឆ្វេងមកក្រោម ហើយពេលនោះគាត់ មិនហៅអីទេបានចេញទៅវិញ។
មួយសន្ទុះក្រោយ ស្រាប់តែឮប្រជាពលរដ្ឋបាប់ថា មានអ្នកដេកស្លាប់ក្នុងស្នាក់ការបក្ស មកមើលម្តងទៀត ទើបដឹងថាជនរងគ្រោះស្លាប់មែន ក៏រាយការណ៍ប្រាប់ភូមិសង្កាត់ ដើម្បីរាយការណ៍បន្តមកសមត្ថកិច្ចមូលដ្ឋានតែម្តង។

សាកសពក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួច ប្រគល់ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

មតិយោបល់