ព័ត៌មានជាតិ

ជនជាតិចិនបើកលុចស៊ីស RX300 វ៉ាជែងពីស្តាំមិនផុត កៀរជាមួយរថយន្តកុងតឺន័រ

ភ្នំពេញ: រថយន្តលុចស៊ីស RX300 មួយគ្រឿង ជិះគ្នា៣នាក់ បើកបរដោយជនជាតិចិន ព្យាយាមបើកវ៉ាជែងគេឯងពីខាងស្តាំ តែមិនផុតក៏ជ្រុលទៅកៀរជាមួយរថយន្តកុងតឺន័រ ក្នុងដំណើរស្របទិស កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវចោមចៅ មុខរោងចក្រហុហហ្វា ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពកម្មករកម្មការនីរោងចក្រ ជាច្រើននាក់ ឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រថយន្តលុចស៊ីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AR-0353 មួយគ្រឿង ជិះគ្នា៣នាក់ បើកបរដោយជនជាតិចិន បើកពីកើតទៅលិច ព្យាយាមបើកវ៉ាជែងយានជំនិះផ្សេងៗខាងមុខ ដល់ចំណុច វ៉ាមិនផុតក៏ជ្រុលទៅកៀររថយន្ត កុងតឺន័រ ម៉ាក នីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-6034 បើកស្របទិស បណ្តាលឲ្យរថយន្តលុចស៊ីស ក្រពឹតឆ្កូត ជញ្ជាំងផ្នែកខាងឆ្វេង ។

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿងឈប់ចតកណ្តាលផ្លូវ បង្កឲ្យកកស្ទះចរាចរណ៍ នៅលើកំណាត់ផ្លូវចោមចៅ ត្រង់ចំណុចខាងលើ រហូតដល់កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍ចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ និងបាញ់ថ្នាំចំណាំ ដើម្បីយករថយន្តទាំង២គ្រឿងទៅដាក់កៀនខាង ឲ្យចរាចរណ៍លើដងផ្លូវ អាចឆ្លងកាត់បានប្រសើរឡើងវិញ ។

ករណីខាងលើ ក្រោយពីភាគីសងខាង សម្របសម្រួលគ្នា ដោយមានវត្តមានសមត្ថកិច្ចផង ទីបំផុត ត្រូវរ៉ូវគ្នា បើកចាកចេញរៀងខ្លួន គ្មានខាងណាសងខាងណានោះទេ៕

មតិយោបល់