ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃសាលាខណ្ឌទួលគោក និមន្តព្រះសង្ឃសូត្រមន្ត ប្រោះព្រំ សុំសេចក្តីសុខ ពីទេវតាឆ្នាំថ្មី

(​ភ្នំពេញ​)៖ ​នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ឆ្នាំវក អដ្ឋស័ក ព​.​ស​២៥៦០ ដែល​នឹង​ឈាន​មកដល់​នាពេល​ខាងមុខនេះ​ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ​សាលា​ខណ្ឌ​ទួលគោក ដឹកនាំ​ដោយ លោក​ លី ណា​រុន អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខណ្ឌទួលគោក ​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក ​និង​លោក ម៉ែន ​សិរី ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ នៅ​ព្រឹក​ថ្ងៃទី​៨​ មេសា ២០១៦ ​បាន​និមន្ត​ព្រះសង្ឃ សូត្រមន្ត ​ប្រោះព្រំ​លើករាសី ដើម្បី​សុំ​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ ពី​ទេវតា​ឆ្នាំ​ថ្មី កើតមាន​ដល់​គ្រប់​ក្រុម​គ្រួសារ និង​ដល់ទី​ស្នាក់​ការ​សាលាខណ្ឌ​ទួលគោក​ទាំងមូល និង​សាលាសង្កាត់​ទាំង​១០ ​ផងដែរ​។

ពិធីសូត្រមន្ត ប្រោះព្រំ​លើករាសី និង​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​នា​ឱកាស​នេះ ក៏បាន​ឧទ្ទិស​មហា​កុសល​ជូន​ទៅដល់​បុព្វការី​ជន មាន​មាតាបិតា ជីដូន​ជីតា ញាតិ​ការ​ទាំង​៧​សណ្តាន ​ព្រមទាំង​ដួង​វិញ្ញាណក្ខន្ធ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ ចំណុះ​សាលាខណ្ឌ​ទួលគោក និង​សង្កាត់ ដែល​បានធ្វើ​មរណៈ កាល​ទៅកាន់​លោក​ខាងមុខ​ហើយ​នោះ សូមឲ្យ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ មួយវិញទៀត​ការជួបជុំ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នាឱកាស​នេះ ក៏​ដើម្បី​អបអរសាទរ​ជោគជ័យ នៃ​ការងារ​ធំៗ របស់​សាលាខណ្ឌ​ទួលគោក ដែល​បានសម្រេច​កិច្ចការ​បំរើ​ដល់​ប្រជាពលរដ្ឋ បាន​យ៉ាង​ល្អប្រសើរ ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ និង​ដើម្បី​ជាការ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ក្នុង​ការ​រៀបចំ​ពិធី​តាម​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ​ ទទួល​អំណរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម ព្រះ​នាង​បណ្ឌា​ទេវី ដែល​នឹង​យាង​មក​ឃុំគ្រង​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​ឆាប់ៗ​ខាងមុខនេះ​។

នៅក្នុង​ឱកាស​ប្រារព្ធ​ពិធី​សូត្រ​ចំរើន​ព្រះ​បរិ​ត ថ្នាក់ដឹកនាំ​ខណ្ឌទួលគោក និង​វិទ្យាស្ថាន​ស៊ី​តិក​ក៏បាន​ប្រគេន​បច្ច័យ​ចំនួន​១​លាន​៤៤​ម៉ឺន​៥​ពាន់​រៀល ដល់​វត្ត​នាគ​វ័ន សម្រាប់​ចូលរួម​ការ​កសាង​សមិទ្ធផល​ក្នុង​វត្ត និង​បាន​ផ្តល់​ជូន​នូវ​អំណោយ​មួយចំនួន និង​ថវិកា​ម្នាក់​២​ម៉ឺន​រៀល ដល់​មន្ត្រីរាជការ ដែល​បា​នមក​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​ផងដែរ​។

សូមបញ្ជាក់ថា នៅ​រៀងរាល់ឆ្នាំ នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ជិត​មកដល់ សាលា​ខណ្ឌ​ទួលគោក តែង​បានធ្វើ​ការណែនាំ​ដល់​គ្រប់​ស្ថាប័ន​សាធារណៈ ឯកជន នៅក្នុង​ខណ្ឌ រៀបចំ​តុបតែង​លំអ ​ភ្លើង​ពណ៌ ដាក់​បដា​ពាក្យស្លោក​ ទង់ជាតិ ទង់ជ្វាលា និង​រៀបចំ​គ្រឿង​សក្ការបូជា​ផ្សេងៗ ដើម្បី​ថ្វាយ​ព្រះ​រតនត្រ័យ និង​ដើម្បី​ទទួល​អំណរ​ឆ្នាំ​ថ្មី តាម​ប្រពៃណី និង​ទំនៀម​ទំលាប់​របស់​ជាតិ​។ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ និង​មានការ​ប្រុងប្រយ័ត្ន​ភ្លើង​ផ្សែង​ ព្រោះ​រដូវ​នេះ​ជា​រដូវក្តៅ ដែល​ងាយ​មាន​គ្រោះ​អគ្គីភ័យ​កើតឡើង ហើយ​ហាម​ដាច់ខាត មិន​ឲ្យ​មានការ​លេង​ល្បែងភ្នាល់​ស៊ីសង ការ​បាញ់ទឹក ជះ​ទឹក គប់​ទឹក និង​ប៉ាត​ម្សៅ​ជាដើម​៕

photo_2016-04-08_12-47-37 photo_2016-04-08_12-47-54 photo_2016-04-08_12-48-05

មតិយោបល់