ភ្នំពេញៈ ស្ត្រីម្នាក់ ដោយសារមានវិបត្តិក្នុងគ្រួសារ បានដឹកដៃកូនប្រុសតូចម្នាក់ ទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ តែនាងហាក់ដូចជាពុំដាច់ចិត្ត ក៏អង្គុយយំនៅកណ្តាលស្ពាន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅកណ្តាលស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ស្ត្រីខាងលើ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង៣០ឆ្នាំ បានដឹកដៃកូនប្រុស អាយុ ប្រមាណ៤ទៅ៥ឆ្នាំ មកឈប់លើស្ពានប៉ងលោតទឹកសម្លាប់ខ្លួន ។
តាមនគរបាលអង្គភាពគោលដៅទី៣ ការពារស្ពានជ្រោយចង្វារ បានអោយដឹងថា នៅវេលាម៉ោងប្រមាណ២និង៣០នាទីរសៀល គេឃើញស្ត្រីខាងលើ បានជិះម៉ូតូកង់៣ឥណ្ឌា ធ្វើដំណើរ ឡើងស្ពានជ្រោយចង្វារក្នុងទិសដៅពីលិចទៅកើត ។ នៅពេលឡើង បានបន្តិចដល់កំផែងគល់ស្ពាន ក៏បានឈប់ហើយចុះពីលើកង់៣ទាំងទឹកមុខ ស្រងូតស្រងាត់ ទាំងដៃកាន់ ទូរស័ព្ទ។ ខណៈនោះ នគរបាលក៏បានដេញហើយនាង ក៏បានដើរឡើង ទៅលើស្ពានទៅ។
តាមព័ត៌មានអោយដឹងទៀតថា នៅពេលស្ត្រីខាងលើ ដើរឡើង ទៅដល់កណ្តាលគាត់បានឈប់ និងអង្គុយយំ ហើយ នគរបាលក៏បានទៅឃាត់សួរនាំ តែគាត់ពុំឆ្លើយ ហើយ ក៏បានដើរចុះពីលើស្ពានមកត្រើយខាលិចវិញ។
យ៉ាងណាមិញបើទោះបី អ្នកព័ត៌មានបានដេញតាមសួរនាំ ស្ត្រីខាងលើក៏ដោយ តែគាត់មិននិយាយអ្វីទាំងអស់។ បន្ទាប់ពីភ្ញាក់ផ្អើល គេឃើញ បុរសម្នាក់ដែលគេអះអាងថា ប្តី ក៏បានដើរមកលើកកូនប្រុសបី ហើយធ្វើដំណើរ ឆ្ពោះទៅកាន់រថយន្តមួយគ្រឿង ។ នៅមុនឡើង រថយន្ត បុរសជាប្តីក៏បានអោយអ្នកយកព័ត៌មានដឹងថា ប្រពន្ធបានខឹងខ្លួន មានស្រីក៏បានធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនតែម្តង៕
មតិយោបល់