ព័ត៌មានជាតិ

ថៅកែហាងស៊ុបយីហោ សាគីស៊ុគី និងប៊ីប៊ីឃ្យូ បើកលុចស៊ីស NX200t ចេញពីហ៊ាង ត្រូវម៉ូតូជិះមកបុក បណ្ដាលឲ្យនារីរងរបួស

ភ្នំពេញ: ស្ត្រីជាថៅកែហាងស៊ុបយីហោ សាគីស៊ុគី និងប៊ីប៊ីឃ្យូម្នាក់ បានបើករថយន្តលុចស៊ីស NX200t មួយគ្រឿងថយចេញពីក្នុងហាង ក៏ត្រូវបានម៉ូតូមួយគ្រឿងជិះមកបុក បណ្ដាលឲ្យមានអ្នករងរបួស កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខហាងស៊ុបយីហោសាគីស៊ុគី និងប៊ីប៊ីឃ្យូ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីម្នាក់ បើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបភី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GS-5053 ធ្វើដំណើរពីត្បូងទៅជើងតាមបណ្ដោយផ្លូវ២៨៩។
មកដល់ចំណុចកើតហេតុដោយនារីខាងលើ រវល់តែទាញទូរស័ព្ទយកមកនិយាយ ខ្វះការប្រុងប្រយ័ត្ន ស្របពេលនោះ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកលុចស៊ីស NX200t ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AY-8778 បើកបរដោយស្ត្រីម្នាក់ ដែលគេស្គាល់ជាថៅកែហាងស៊ុបខាងលើ បានបើករថយន្តរយ៉ែថយក្រោយ ចេញពីហាងរួច ក៏ត្រូវបានម៉ូតូខាងលើ បុកចំពីក្រោយចំហៀងខាងស្តាំ បណ្តាលឲ្យរថយន្តរងការខូចខាតក្រពឹតកាងខាងក្រោយចំហៀងខាងស្តាំ ចំណែកឯម៉ូតូរងការខូចខាតបន្តិចបន្តួច រីឯអ្នកបើកបរបានរងរបួសរលាត់ដៃរលាត់ជើង។

ក្រោយពេលកើតហេតុ ភ្លាមៗអ្នកបើកបររថយន្ត ដែលជាថៅកែហាងស៊ុបខាងលើ បានចុះពីរថយន្តដើរចូល ទៅក្នុងហាងនោះបាត់ មិននៅរង់ចាំធ្វើការចរចារដោះស្រាយគ្នា ជាមួយនិងភាគីម៉ូតូនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ក៏បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានជួយសម្របសម្រួលឲ្យភាគីទាំងពីរ ធ្វើការចរចារដោះស្រាយគ្នា ដោយភាគីទាំងពីរមិនចង់មានរឿងរ៉ាវវែង ក៏ព្រមបញ្ចប់រឿង ដោយមិនទាមទារសំណងអ្វីពីគ្នានោះទេ៕

មតិយោបល់