ព័ត៌មានជាតិ

លោក នី ចរិយា មានពេលមួយខែគត់ ដើម្បីប្ដឹងដិតចិត្តចៅក្រម

ភ្នំពេញៈដោយសារតែលោក នី ចរិយា ជាជនជាប់ចោទនៃសំណុំរឿងបរិហាកេរ្តិ៍ បានអះអាងថាលោកបានប្តឹងទៅស្ថាប័នពាក់ព័ន្ធមួយចំនួនដូចជា ឧត្តមក្រុងប្រឹក្សានៃអង្គចៅក្រម និងក្រសួងយុត្តិធម៌ រួមទាំងប្តឹងដិតចិត្តចៅក្រមផងនោះ លោក ឃី ឆៃ ចៅក្រមជំនុំជម្រះនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានសម្រេចលើកពេលសវនាការជំនុំជម្រះ ដោយបានទុកពេលឲ្យលោក នី ចរិយា មួយខែដើម្បីប្តឹងដិតចិត្ត ប៉ុន្តែបើលោកមិនបានប្តឹងទេនោះ ចៅក្រមដដែលនឹងបន្តនីតិវធីកាត់ក្តីនៃសំណុំរឿងនេះ។

សូមបញ្ជាក់ថា នៅក្នុងសំណុំរឿងមានជនជាប់ចោទឈ្មោះ នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានដើមបណ្ដឹងឈ្មោះ សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និងឈ្មោះ គី ឬទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដោយប្តឹងជនជាប់ចោទចំនួនបីបទល្មើស គឺបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារបង្កាច់កេរ្តិ៍ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីធ្វើសម្ពាធលើយុត្តាធិការតុលាការ។

គួររំឮកថា កាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០១៥ លោក នី ចរិយាបានធ្វើថ្លែងក្នុងសន្នីសីទកាសែតនៅទីស្នាក់សមាគមការពារសិទ្ធិមនុស្សអាដហុកថា លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និងលោក គី ឬទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានចាប់ឃុំខ្លួនពលរដ្ឋពីរនាក់ដោយខុសតាមនីតិវិធីច្បាប់ ហើយលោកក៏បានដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នពាក់ព័ន្ធមួយចំនួនដូចជា ក្រសួងយុត្តិធម៌ និងឧត្តមប្រឹក្សានៃអង្គចៅក្រមហើយ៕

មតិយោបល់